ព័ត៌មានអន្តរជាតិ

ចិន សម្ដែងការ ប្រឆាំងដាច់ខាត ចំពោះពន្ធគយ របស់អឺរ៉ុបលើរថយន្ត EV របស់ចិន

Xinhua

ប៉េកាំង ៖ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការដាក់ពន្ធលើយានយន្តអគ្គិសនី ដែលផលិតដោយចិន (EVs) សម្រាប់រយៈពេល ៥ឆ្នាំ បានបង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំង ដោយប្រទេសចិនបានហៅទង្វើនេះថា អយុត្តិធម៌ មិន​សម​ហេតុ​ផល និង​គ្មាន​គោល​បំណង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សភាពាណិជ្ជកម្មចិន សម្រាប់ការនាំចូល និងនាំចេញគ្រឿងម៉ាស៊ីន និងផលិតផលអេឡិចត្រូនិក (CCCME) ក្នុងនាមឧស្សាហកម្មរថយន្តចិន បានសម្តែង “ការសោកស្តាយជាខ្លាំង” ចំពោះការសម្រេចចិត្តដាក់ពន្ធប្រឆាំងការឧបត្ថម្ភធនលើយានយន្តអគ្គិសនី ដែលមានប្រភពនៅក្នុងប្រទេសចិន។

ចាប់ពីថ្ងៃពុធនេះ ពន្ធគយទាំងនេះនឹងអនុវត្តជាមួយនឹងអត្រាផ្សេងៗគ្នា សម្រាប់ក្រុមហ៊ុនផ្សេងៗគ្នា ក្នុងនោះ ១៧ភាគរយសម្រាប់ BYD, ១៨,៨ ភាគរយសម្រាប់ Geely និង ៣៥,៣ភាគរយសម្រាប់ SAIC ។ ក្រុមហ៊ុនសហប្រតិបត្តិការផ្សេងទៀតនឹងត្រូវបង់ពន្ធ ២០,៧ភាគរយ ខណៈដែលក្រុមហ៊ុន ដែលមិនសហការនឹងមានអត្រាពន្ធ ៣៥,៣ភាគរយ នេះបើយោងតាមគណៈកម្មការអឺរ៉ុប។

គណៈកម្មការបានកត់សម្គាល់ថា បន្ទាប់ពីសំណើជាក់លាក់មួយ សម្រាប់ការពិនិត្យឡើងវិញ ជាលក្ខណៈបុគ្គល ក្រុមហ៊ុនផលិតរថយន្ត EV របស់សហរដ្ឋអាមេរិក Tesla ដែលផលិតរថយន្តផងដែរ នៅក្នុងប្រទេសចិន នឹងត្រូវប្រឈមមុខនឹងកាតព្វកិច្ច ៧,៨ ភាគរយ។

CCCME បានឲ្យដឹងថា គណៈកម្មការអឺរ៉ុប បានបរាជ័យក្នុងការកែលម្អ “ការរកឃើញមិនត្រឹមត្រូវ” របស់ខ្លួននៅក្នុងសេចក្តីសម្រេចចុងក្រោយ ស្តីពីការដាក់កាតព្វកិច្ចច្បាស់លាស់ប្រឆាំងនឹងរថយន្ត EVs របស់ចិន ហើយមានការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៃតម្លាភាពក្នុងនីតិវិធី ដោយបន្ថែមថា វិធានការនេះបំពានយ៉ាងធ្ងន់ធ្ងរទៅលើអង្គការពាណិជ្ជកម្មពិភពលោក ដែលពាក់ព័ន្ធ និងច្បាប់ប្រឆាំងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប។

សមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) ក៏បានសម្តែងការមិនយល់ស្រប នឹងការសម្រេចចិត្ត នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ក្នុងនោះ CAAM បានឲ្យដឹងថា ការសម្រេចចិត្តដែលមិនមានគោលបំណង និងអយុត្តិធម៌បំផុតចំពោះក្រុមហ៊ុន រថយន្តរបស់ប្រទេសចិន ត្រូវបានគេចាត់ទុកថា មិនអាចទទួលយកបាន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top