ខេត្តកណ្ដាល៖ អគាររដ្ឋបាលខេត្តកណ្ដាលថ្មី កម្ពស់៧ជាន់ នឹងត្រូវក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋាន នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។
សូមបញ្ជាក់ថា អគាររដ្ឋបាលខេត្តកណ្ដាល មានទីតាំងស្ថិតនៅទីតាំងចាស់ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សាងសង់លើកផ្ទៃដីសរុប ៣៧,០៥៧ម៉ែត្រការ៉េ នឹងត្រូវក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋាននាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីពិធីចុះកិច្ចសន្យា សាងសង់អគាររដ្ឋបាលសាលាខេត្ត រវាងរដ្ឋបាលខេត្តកណ្ដាល និងក្រុមហ៊ុនសាងសង់ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
បើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីចាត់ការនិងអង្គភាព ចំណុះសាលាខេត្តមួយចំនួន នឹងត្រូវផ្លាស់ប្តូរជាបណ្តោះអាសន្ន ទៅទីតាំងថ្មី ស្ថិតនៅបរិវេណ មជ្ឈមណ្ឌល គរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល (ផ្នែកខាងក្រោយ) ផ្លូវលេខ ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមរយៈសេចក្តីជូនដំណឹង បានឱ្យដឹងថា អគារសាលាខេត្តបច្ចុប្បន្ន មានសភាពចាស់ទ្រុឌទ្រោម មិនអាចជួយសម្រួល ដល់ការបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ បានយូរអង្វែង រដ្ឋបាលខេត្តកណ្តាល នឹងចាប់ផ្តើមវាយអគារ សាលាខេត្តចាស់ចោល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ។
ដើម្បីឱ្យការសាងសង់ ទទួលបានជោគជ័យ តាមការគ្រោងទុក ក្រុមហ៊ុនសាងសង់នឹងរុះរើអគារ សាលាខេត្តបច្ចុប្បន្ន ដើម្បីបើកការដ្ឋានសាងសង់ អគារសាលាខេត្តថ្មី ទីចាត់ការ គ្មានសាងសង់អគារសាលាខេត្តថ្មី ឆាប់ៗ នាពេលខាងមុខនេះ។
ដូចនេះ ទីចាត់ការនិងអង្គភាព ចំណុះរដ្ឋបាលខេត្ត នឹងធ្វើការផ្លាស់ប្តូរដូចខាងក្រោម ៖
១.ការបម្រើសេវារដ្ឋបាលទូទៅ និងសេវារដ្ឋបាល របស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋខេត្ត នៅបន្តបំពេញការងារជាប្រចាំ និងជាធម្មតា ជូនប្រជាពលរដ្ឋ ស្ថិតនៅទីតាំងចាស់ដដែល។
២.ទីចាត់ការ អង្គភាពចំណុះសាលាខេត្តក្រៅពីនេះ នឹងត្រូវផ្លាស់ប្តូរជាបណ្តោះអាសន្ន ទៅទីតាំងថ្មី ស្ថិតនៅបរិវេណ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល (ផ្នែកខាងក្រោយ) ផ្លូវលេខ ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕