មូស្គូ ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា សកម្មភាពនាពេលថ្មីៗនេះ របស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងអ្នកកាសែតរុស្ស៊ី បានរំលោភលើ សិទ្ធិទទួលបានព័ត៌មាន និងពហុនិយមប្រព័ន្ធ ផ្សព្វផ្សាយ។
ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកផលិតខ្សែភាពយន្តមកពីកាសែត Izvestia របស់រុស្ស៊ី ដែលបានមកដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្សព្វផ្សាយ អំពីការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ ត្រូវបានឃុំខ្លួន និងទទួលរង នូវការសួរចម្លើយ ជាច្រើនម៉ោងកាលពីយប់ថ្ងៃអង្គារ ដែលបណ្តាលឱ្យសមាជិកម្នាក់ ត្រូវបានបណ្តេញចេញពីប្រទេស។
លោកស្រី Zakharova បានកត់សម្គាល់ថា អ្នកកាសែតរុស្ស៊ី បានជូនដំណឹងដល់អាជ្ញាធរអាមេរិក អំពីចេតនារបស់ពួកគេ និងទទួលបានការអនុញ្ញាត មុនពេលមកដល់ ដោយបន្ថែមថានេះឆ្លុះបញ្ចាំង ពីការត្រៀមខ្លួន របស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់វិធានការ បង្ក្រាបប្រឆាំងនឹងព័ត៌មាន ដែលរអាក់រអួល។
លោកស្រី Zakharova បានបញ្ជាក់ថា “អំពើបំពាន របស់អាជ្ញាធរអាមេរិក នឹងមិនអាចស្ងប់ស្ងាត់ ដោយគ្មានប្រតិកម្មត្រឹមត្រូវ ពីផ្នែករបស់យើងនោះទេ” ៕
ប្រែសម្រួល ឈូក បូរ៉ា