តូក្យូ៖ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងអន្តរទ្វីប ឆ្ពោះទៅកាន់សមុទ្រជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ដែលជាពេលវេលាហោះហើរ វែងបំផុតមិនធ្លាប់មាន សម្រាប់មីស៊ីលមួយរបស់ប្រទេសនេះ ដែលបង្កឱ្យមានការថ្កោលទោសពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ការបាញ់បង្ហោះ ICBM ទំនងជានៅលើគន្លងខ្ពស់ ត្រូវបានបញ្ជាក់យ៉ាងរហ័សដោយកូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន ដោយមេដឹកនាំលោក គីម ជុងអ៊ុន បានប្តេជ្ញាបន្តពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ប្រទេស។
កូរ៉េខាងជើងនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មីស៊ីលដែលខ្លួនបានបាញ់សាកល្បងមួយថ្ងៃមុននេះ គឺជាមីស៊ីលផ្លោងអន្តរទ្វីបថ្មី ICBM Hwasong-19 នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន “បានសម្តែងការពេញចិត្តយ៉ាងខ្លាំង” ចំពោះការបាញ់សាកល្បង ដោយជោគជ័យនៃមីស៊ីលថ្មីនេះ ដោយហៅវាថាជា “កំណែចុងក្រោយ” នៃមីស៊ីល ICBM ។
លោកក៏បានឲ្យដឹងផងដែរថា “ទីតាំងអនុត្តរភាព” របស់ប្រទេសលោកក្នុងការអភិវឌ្ឍន៍ មធ្យោបាយសម្រាប់ការវាយប្រហារនុយក្លេអ៊ែរគឺ “មិនអាចត្រឡប់វិញបាននោះទេ” នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េផ្លូវការ។
មីស៊ីលនេះត្រូវបានបាញ់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ឆ្ពោះទៅកាន់សមុទ្រជប៉ុន ក្នុងគន្លងដ៏ខ្ពស់មួយ ដែលជារយៈពេលហោះហើរវែង បំផុតមិនធ្លាប់មានសម្រាប់មីស៊ីលផ្លោង របស់កូរ៉េខាងជើងគឺ ៨៦ នាទី ហើយវាបានធ្លាក់នៅខាងក្រៅ តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។
KCNA បានឲ្យដឹងថា មីស៊ីលបានឈានដល់កម្ពស់អតិបរមា ៧,៦៨៧,៥គីឡូម៉ែត្រ និងហោះបានចម្ងាយ ១,០០១,២គីឡូម៉ែត្រ សម្រាប់រយៈពេល ៨៥នាទី និង ៥៦វិនាទី មុនពេលធ្លាក់នៅលើតំបន់កំណត់ទុកជាមុន។
KCNA បានឲ្យដឹងទៀតថា “ការសាកល្បងប្រព័ន្ធអាវុធយុទ្ធសាស្ត្រ ចុងក្រោយបង្អស់បានធ្វើបច្ចុប្បន្នភាព កំណត់ត្រាថ្មីៗនៃសមត្ថភាពមីស៊ីល យុទ្ធសាស្ត្ររបស់កូរ៉េខាងជើង និងបង្ហាញពីភាពទំនើប និងភាពជឿជាក់នៃការរារាំងយុទ្ធសាស្ត្រ ដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក”។
ប្រព័ន្ធអាវុធ ICBM Hwasong-19 “ល្អឥតខ្ចោះនឹងត្រូវប្រើប្រាស់ ដោយកងកម្លាំងកូរ៉េខាងជើង រួមជាមួយនឹង Hwasong-18 ស្របតាម ផែនការរយៈពេលវែង សម្រាប់ការកសាងកងកម្លាំងនុយក្លេអ៊ែររបស់រដ្ឋ ហើយនឹងបម្រើជាមធ្យោបាយស្នូលចម្បង សម្រាប់ការការពារប្រទេសកូរ៉េខាងជើង”៕
ប្រែសម្រួល ឈូក បូរ៉ា