បរទេស៖ កម្មកររោងចក្រប្រហែល ២.៦០០នាក់ ត្រូវបានបញ្ឈប់ពីការងារក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ខណៈដែលនិយោជករបស់ពួកគេត្រូវបានបង្ខំឱ្យកាត់បន្ថយប្រតិបត្តិការដោយសារតែបញ្ហាហិរញ្ញវត្ថុ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកក ប៉ុស្តិ៍ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Noom-sao Rongngan (“កម្មកររោងចក្រវ័យក្មេង”) ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅខេត្ត Chachoengsao បានប្រកាសនៅក្នុងលិខិតមួយចុះថ្ងៃទី ២៥ ខែតុលាថា ខ្លួននឹងបញ្ឈប់កម្មករចំនួន ៦០០ នាក់ ចាប់ពីថ្ងៃទី ១ ខែធ្នូ។
នៅក្នុងសេចក្តីប្រកាស គឺក្រុមហ៊ុនបានលើកឡើងពីការធ្លាក់ចុះនៃការបញ្ជាទិញ និងការកើនឡើងនៃការចំណាយដែលជាហេតុផលសម្រាប់ការបញ្ឈប់ការងារ ហើយបានសន្យាថា នឹងផ្តល់សំណងដល់កម្មករដែលរងផលប៉ះពាល់តាមការតម្រូវដោយច្បាប់។
ដោយឡែកកាលពីថ្ងៃពុធ ការបង្ហោះនៅលើទំព័រ Facebook របស់រោងចក្រ Bang Pu បាននិយាយថា កម្មករចំនួន ២.០០០ នាក់នៃរោងចក្រគ្រឿងអលង្ការ Marigot Jewellery ដែលជារោងចក្រគ្រឿងអលង្ការដ៏ល្បីនៅខេត្ត Samut Prakan នឹងត្រូវបញ្ឈប់ពីការងារចាប់ពីថ្ងៃទី ១ ខែមករា។
យោងតាមតួលេខដែលចេញផ្សាយដោយ Jobsdb ដែលជាវេទិកាស្វែងរកការងារតាមអ៊ីនធឺណិត ចំនួនអ្នកគ្រប់គ្រង និងនាយកប្រតិបត្តិដែលបើកចំហសម្រាប់តួនាទីថ្មីបានកើនឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ តួលេខនេះឆ្លុះបញ្ចាំងពីការស្ទុះងើបសេដ្ឋកិច្ចយឺតរបស់ប្រទេស និងតម្រូវការឧស្សាហកម្មធ្លាក់ចុះនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ដែលអាចនាំឱ្យមានការបញ្ឈប់ការងារ និងការបិទរោងចក្រកាន់តែច្រើន។
យោងតាមសហព័ន្ធឧស្សាហកម្មថៃ រោងចក្រជាង ៣៦០ដែលមានទុនវិនិយោគសរុបយ៉ាងហោចណាស់ ៩,៤ ពាន់លានបាតបានបិទទ្វារនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ការបិទទ្វារបានបណ្តាលឱ្យកម្មករជាង ១០.០០០ នាក់ត្រូវបានបញ្ឈប់ពីការងារ ដែលខ្ពស់ជាងមធ្យមភាគក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ៕
ប្រែសម្រួលៈ ណៃ តុលា