ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសបន្ដរក្សា​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន​ ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ថ្មីៗ​ របស់​អ៊ីស្រាអែល

afp

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ខ្លួនរក្សាសិទ្ធិការពារ ស្វ័យការពារស្របច្បាប់ ប្រឆាំងនឹងការវាយប្រហារនាពេលថ្មីៗនេះ របស់អ៊ីស្រាអែល លើគោលដៅមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់។

នៅក្នុងកំណត់ត្រាមួយ ដែលត្រូវបានផ្ញើទៅកាន់រដ្ឋសមាជិកនៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវបានគូសបញ្ជាក់ថា ប្រទេសនេះនឹងមិនស្ទាក់ស្ទើរក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួននោះឡើយ។ 

ដោយកត់សម្គាល់ថា ការអត់ធ្មត់របស់ខ្លួនក្នុងការរក្សាសន្តិភាពក្នុងតំបន់បានត្រឹមតែនាំឱ្យមាន “ការគណនាខុស” អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនរក្សាសិទ្ធិការពារខ្លួនស្របច្បាប់ប្រឆាំងនឹងការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល ដើម្បីការពារខ្លួនពីការបន្តរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ និងប្រព្រឹត្តបទឧក្រិដ្ឋ”។ 

អ៊ីរ៉ង់បានអំពាវនាវឱ្យសមាជិកនៃសន្និសីទ និងសហគមន៍អន្តរជាតិចាត់វិធានការ “ធ្ងន់ធ្ងរ និងមានប្រសិទ្ធភាព” ឆ្ពោះទៅរកការបង្ខំអ៊ីស្រាអែល ឱ្យបញ្ឈប់ “ឧក្រិដ្ឋកម្មដ៏សាហាវ” ដោយថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល។

កងកម្លាំងការពារអ៊ីស្រាអែល បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស “ច្បាស់លាស់ និងចំគោលដៅ” ទៅលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗនេះពីប្រទេសនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top