ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតចិន ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាគម្រោងគំរូមួយ ក្នុងការរួមគ្នាកសាង គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាគម្រោងគំរូមួយ ក្នុងការរួមគ្នាកសាង គំនិតផ្តួចផ្តើម”ខ្សែក្រវាត់ និងផ្លូវ”។

តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក វ៉ាង វិនពីន បានបង្ហាញសេចក្តីសោមនស្សជាអនេក ដែលបានចូលរួមក្នុងពិធីអបអរសាទរខួប២ឆ្នាំ នៃការបើកឲ្យប្រើប្រាសជាផ្លូវការ នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាមួយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា «ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាគម្រោងជាគំរូមួយសម្រាប់ប្រទេសចិននិងកម្ពុជាក្នុងការរួមគ្នាកសាង គំនិតផ្តួចផ្តើម”ខ្សែក្រវាត់ និងផ្លូវ”»។

លោកបន្ថែមថា ចាប់តាំងពីការបើកដំណើរការជាផ្លូវការ រៀងមក បរិមាណចរាចរណ៍សរុប នៅគ្រប់ច្រកចេញ បានឈានដល់១០លានដង ដែលបានកើនឡើង យ៉ាងឆាប់រហ័ស។

ក្នុងឱកាសនេះ លោក វ៉ាង វិនពីន បានជូនពរប្រទេសកម្ពុជាមានផ្លូវល្បឿនលឿនកាន់តែច្រើនទៀតៗ ហើយជូនពរជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា កាន់តែប្រសើរឡើងៗ!៕

To Top