ព័ត៌មានជាតិ

ថវិកា ទទួលបានពីមូលនិធិនឹងយកទៅកសាងផ្លូវក្រវាត់ព្រំដែន ប្រកបដោយការទទួលខុសត្រូវ និងសន្សំសំចៃខ្ពស់

ភ្នំពេញ៖ ថវិកា ទទួលបានពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នឹងត្រូវយកទៅកសាងផ្លូវក្រវាត់ព្រំដែន ប្រកបដោយការទទួលខុសត្រូវ ដែលនឹងធានានូវតម្លាភាព គណនេយ្យភាព និងការសន្សំសំចៃខ្ពស់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានឱ្យដឹងថា ជាលទ្ធផលក្នុងរយៈពេល ៦៦ថ្ងៃ នៃដំណើរការទទួលការបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុងមូលនិធិនេះ ពោល គិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ គឺមានជនរួមជាតិទាំងក្នុង និងក្រៅ ប្រទេសសរុបចំនួន ៧២០.១០៥ អង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុស និងទទួលបាន ទឹកប្រាក់សមមូលសរុប ចំនួន ២៦.៩៦៧.៦០៩។

ជនរួមជាតិ ដែលបានចូល រួមបរិច្ចាគជាង ៧២ម៉ឺនអង្គ/នាក់នេះ គឺមកពីគ្រប់ទិសទី មានទាំងព្រះសង្ឃតាមវត្តអារាម លោកយាយ លោក តា លោកគ្រូអ្នកគ្រូ ក្មួយៗសិស្ស-និស្សិត សិល្បករ-សិល្បការិនី កីឡាករ-កីឡាការិនី កម្មករ-កម្មការិនី ពាណិជ្ជ ករ អាជីវករតាមផ្សារ និយាយរួម គឺបងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ក្នុងនោះក៏ មានបងប្អូនខ្មែរដែលរស់នៅ និងកំពុងធ្វើការនៅក្រៅប្រទេស មានដូចជា សហរដ្ឋអាមេរិក, កាណាដា, អូស្ត្រាលី, បារាំង ជប៉ុន, កូរ៉េខាងត្បូង, ចិន, ថៃ និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងទ្វីបអឺរ៉ុប និងអាស៊ីផងដែរ។

ថវិកាដែលទទួលបាននេះ នឹងត្រូវយកទៅកសាងផ្លូវក្រវាត់ព្រំដែន ប្រកបដោយការទទួលខុសត្រូវ ដែលនឹងធានានូវតម្លាភាព គណនេយ្យភាព និងការសន្សំសំចៃខ្ពស់។ តាមការសិក្សា ទំហំថវិកានេះ ត្រូវបាន កំណត់ស្ថាបនាផ្លូវក្រាលល្បាយថ្មមួយខ្សែ (ជាផ្លូវថ្មី) ដែលមានតួផ្លូវ ៩ ទៅ ១០ម៉ែត្រ, ទទឹងផ្លូវ ៧ម៉ែត្រ និងមាន ប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ដោយមាន ០៤ខ្សែ ក្នុងនោះ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ប្រវែង ១៤៧,៤២ គីឡូម៉ែត្រ និងក្នុងខេត្តរតនគីរីប្រវែង ១០២,៥៨ គីឡូម៉ែត្រ ដោយប្រើរយៈពេលវេលាប្រមាណ ៣០ខែ ដែលនឹងសម្រេចជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៧។

គម្រោងផែនការកសាងផ្លូវក្រវាត់ព្រំដែនទាំង បួនខ្សែនេះ នឹងត្រូវធ្វើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីសរុប ៦,២៥០,០០០ម និង សំណង់សិល្បការ្យគ្រប់ប្រភេទរួមមាន៖ ស្ពានបេតុងសរសៃដែក ចំនួន ២៣កន្លែង សរុបប្រវែង ៥៦៧ម លូប្រអប់បេតុងគ្រប់ប្រភេទចំនួន ៤៧កន្លែង សរុបប្រវែង ៣៦៩ម លូមូលបេតុងគ្រប់ប្រភេទ ចំនួន ៤៩៤កន្លែង និង ថ្នល់បេតុងបង្កៀររក្សាទឹក ទុកប្រើប្រាស់ ចំនួន ០២កន្លែង សរុបប្រវែង ៧២ម៕

To Top