កំពង់ធំ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅសម្រាប់ខែ វិច្ឆិកា នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
ថ្លែងក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ សម្រាប់ការអនុវត្ត វិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប ធានាបានសុវត្ថិភាពល្អ នៃការប្រារព្ធព្រឹត្តិការណ៍ បុណ្យជាតិ អន្តរជាតិ សំខាន់ៗ នាពេលកន្លងមក។
ទន្ទឹមនិងនេះ ស្នងការនគរបាលខេត្ត ជំរុញដល់មន្ត្រីជំនាញ ត្រូវបង្កើនការងារផ្សព្វផ្សាយអប់រំ អំពីច្បាប់ តាមគោលដៅងាយរងគ្រោះនានា ដើម្បីបញ្រ្ជាបការយល់ដឹង និងមានការប្រុងប្រយ័ត្ន ចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញ ស្របតាម គោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។
លោកស្នងការនគរបាលខេត្ត បានដាក់គោលការណ៍ សំខាន់ៗ ដល់ផែនការងារជំនាញ ត្រូវពង្រឹងនិងអនុវត្តដូចភ្លៀងរលឹកលើការងារ÷ ១.ការងារសន្តិសុខ ២.ការងារបង្ក្រាបបទល្មើស ល្បែងស៊ីសង លួចឆក់ ប្លន់ ក្មេងទំនើង ៣.ការងារគ្រប់គ្រង អាវុធជាតិផ្ទុះ និងអគ្គិភ័យ ៤.ការងារអត្តសញ្ញាណកម្ម សំដៅបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ធានាសុខសុវត្ថិភាពល្អ ជូនប្រជាពលរដ្ឋ ប្រកបដោយភាពសុខដុមរមនា ។
ឆ្លៀតក្នុងឱកាសនោះ លោកស្នងការ បានក្រើនរំលឹក ដល់អង្គភាព អធិការដ្ឋាននគរបាលទាំង ០៩ ក្រុង-ស្រុក ត្រូវបន្តប្រមូលផ្តុំកងកម្លាំងប្រចាំការ ទ្រោលសភាពការណ៍ សង្គម ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយហេតុការណ៍ ណាមួយដែលអាចកើត មានឡើងជាចៃដន្យ ដោយបាតុភូតធម្មជាតិ ។
លោកស្នងការនគរបាលខេត្តបានអះអាងថា យោងតាមរបាយការណ៍ បទល្មើសគ្រប់ប្រភេទថយចុះ ជាបន្តបន្ទាប់ ដូចបានបញ្ជាក់ ក្នុងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤នេះ។
តាមរបាយការណ៍ “គិតពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤” ១ សភាពការណ៍ សន្ដិសុខ មានភាពស្ងប់ស្ងាត់ ធម្មតា មិនមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់ឡើង។ ២.សភាពការណ៍បទល្មើសព្រហ្មទណ្ឌ កើតមានឡើង០២លើក លើ០១លើក កើន០១លើក ។៣.សភាពការណ៍ សណ្ដាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ផ្សេងៗកើតឡើងមានចំនួន ២១លើក លើ ១៧លើក កើន០៤៕
ដោយ៖ សំនៀង