ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខា ភិបាល បន្តបង្កើនការយកចិត្តទុកដាក់បន្ថែម ទៀតលើជំងឺមិនឆ្លង ជាពិសេសជំងឺមហារីក ដោយត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំសុខភាព ដើម្បីកាត់បន្ថយអត្រា នៃអ្នកកើតជំងឺមហារីក។
ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារ នាថ្ងៃ៣១ តុលា។
ជាមួយគ្នានេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរ រួមមាន៖ ១) ការចូលរួមអនុវត្តក្នុងការងារ , ២) របៀបជឿនលឿននៃការចាត់ចែងទៅលើការងារ , ៣) ការផ្តល់ទម្ងន់ភាព និងការបង្កើនការទទួលស្គាល់ទៅលើលទ្ធផលការងារ , ៤) ត្រូវមានគោលដៅ និងប្រើប្រាស់ឱ្យចំពេលវេលា , ៥) ត្រូវមានការតាំងចិត្ត និងមោះមុតក្នុងការងារ , ៦) ត្រូវមានការសម្រេចចិត្តច្បាស់លាស់ , ៧) រក្សានិរន្តរភាពការងារ។ ចំណុចទាំង ៧នេះ ជាកត្តាបង្ហាញពីការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងវិវត្តន៍លឿនទៅមុខមានវឌ្ឍនភាពខ្ពស់។
ជាទីបញ្ចប់ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំត្រូវមានការរៀបចំទីតាំង និងកំណត់គោលដៅស្តង់គ្រូពេទ្យបម្រើការប្រចាំការ រថយន្តសង្រ្គោះបឋមឱ្យបានច្បាស់លាស់ និងរៀបចំផ្សព្វផ្សាយនូវគោលដៅនីមួយៗ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ខាងមុខនេះ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋទុកជាមុន ក្នុងករណីមានហានិភ័យផ្សេងៗ៕