ព័ត៌មានជាតិ

លោក ហួត ហាក់ ដឹកនាំកិច្ចប្រជុំ គណៈកម្មការអន្តរ ក្រសួង ត្រៀមរៀបចំបុណ្យសមុទ្រ លើកទី១១

ខេត្តកំពត៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រចជាគោលការណ៍ រៀបចំនៅខេត្តកំពត ចាប់ពីថ្ងៃទី១៣ -១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ថ្នាក់ដឹកនាំអន្តរក្រសួង ស្ថាប័ន ជាអនុប្រធាននិងសមាជិក ព្រមទាំង លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជនជាសមាជិក សរុបចំនួន ១៧៨នាក់ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

លោករដ្ឋមន្ត្រីបានថ្លែងថា ពិធីបុណ្យសមុទ្ររៀបចំបាន១០លើករួចមកហើយ ដោយក្នុងនោះខេត្តកំពត បានរៀបចំ ៣ដង គឺនៅឆ្នាំ២០១៥, ២០១៩ និង ឆ្នាំ២០២៤ នាពេលខាងមុខនេះ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ស្របនឹងខេត្តកំពតជា «គោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍តំបន់ឆ្នេរ» តួយ៉ាងការជ្រើសរើសខេត្តកំពត ដើម្បីរៀបចំពិធីបុណ្យសមុទ្រនាឆ្នាំនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពី សក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាព ជាពិសេសការពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មនានា ក្នុងឧស្សាហកម្មទេសចរណ៍។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើ ការកំណត់ទិសដៅការងារមួយចំនួន ដែលគួរយកចិត្តទុកដាក់អនុវត្ត ក្នុងការបំពេញការងារឱ្យបាន ជិតស្និទ្ធជាមួយអន្តរក្រសួង ស្ថាប័ន, អន្តរវិស័យ ត្រូវមានលក្ខណៈបុរេ សកម្ម សកម្ម និងអន្តរសកម្ម រវាងគ្នានិងគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, ឱ្យមានភាព ប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នា។

លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជោគជ័យរៀបចំពិធីបុណ្យសមុទ្រខាងមុខនេះ ហើយភាពជោគជ័យ គឺជាស្នាដៃទាំងអស់គ្នា។

លោករដ្ឋបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ចូលរួមក្នុងយុទ្ធនាការ៖ ទាំងអស់គ្នាដើម្បីទេសចរណ៍, ទេសចរណ៍ដើម្បីទាំងអស់គ្នា!, ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់!៕

To Top