បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងថា លោកខាងលិចមិនបានបង្ហាញប្រតិកម្មអ្វីទាំងអស់ឡើយ ចំពោះចលនាកងទ័ពរបស់កូរ៉េខាងជើង ដែលធ្វើដំណើរចូលទៅក្នុងប្រទេសរុស្ស៊ី ដែលមានន័យថា ទីក្រុងព្យុងយ៉ាងអាចនឹងបញ្ជូនទាហានដល់ទៅយ៉ាងហោចណាស់ ១០០,០០០នាក់ ដើម្បីប្រយុទ្ធជាមួយទីក្រុងគៀវ។
មកទល់ពេលនេះរុស្ស៊ីមិនបានបញ្ជាក់ ឬបដិសេធចំពោះវត្តមានកងទ័ពកូរ៉េខាងជើង នៅលើទឹកដីរបស់ខ្លួនឡើយ ដោយគ្រាន់តែនិយាយថា កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង ដំណើរការទៅតាមសន្ធិសញ្ញាភាពជាដៃគូការពារជាតិ។
លោក Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកូរ៉េខាងត្បូង KBS ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុង សាកល្បងប្រតិកម្មរបស់ប្រទេសណាតូ និងកូរ៉េខាងត្បូងផងដែរ។
យ៉ាងណាក្តីមន្ទីរបញ្ចកោណបានវាយតម្លៃក្នុងសប្តាហ៍នេះថា កូរ៉េខាងជើងបានបញ្ជូនទាហាន ១០.០០០នាក់ រួចទៅហើយទៅកាន់ប្រទេសរុស្ស៊ី ដែលខ្លះកំពុងធ្វើដំណើរទៅកាន់តំបន់ Kursk ជាកន្លែងដែលគៀវបានបើកការលុកលុយកាលពីខែសីហាហើយ ប្រធានាធិបតី Joe Biden បាននិយាយថាទីក្រុងគៀវគួរតែវាយប្រហារលើកងទ័ពកូរ៉េខាងជើង ប្រសិនបើពួកគេ ឆ្លងចូលអ៊ុយក្រែន។
លោក Zelensky បាននិយាយថា យោធាអ៊ុយក្រែនរាយការណ៍ថា ទាហានកូរ៉េខាងជើង ៣,០០០នាក់ ផ្សេងទៀតកំពុងស្ថិតនៅក្នុងទីក្រុង Kursk ដោយជំរុញឱ្យមានការឆ្លើយតបកាន់តែខ្លាំងឡើងដោយអ្នកគាំទ្របរទេស៕
ប្រែសម្រួល៖ ស៊ុនលី