ព័ត៌មានជាតិ

ប្រណាំងទូកខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរណ៍ប្រមាណ ២៥ម៉ឺននាក់

កំពង់ស្ពឺ៖ ​រដ្ឋបាលខេត្តកំពង់ស្ពឺបានរាបចំប្រណាំងទូកនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដែលជាថ្ងៃទីមួយនៃពិធី គឺមានប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តសប្បាយប្រមាណជាង​ ២៥ម៉ឺននាក់។ នេះបើយោងតាមតួរលេខតបស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរមកលេងកម្សាន្ត និងទស្សនាពិធីប្រណាំងទូកខេត្តកំពង់ស្ពឺ នៅថ្ងៃទី១​ មានភ្ញៀវទេសចរសរុបប្រមាណជាង​២៥ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៣​ មានតែចំនួនជាង ១៣ម៉ឺននាក់ប៉ុណ្ណោះ កើនឡើងជាង​៨៩%។

លោកថា ភ្ញៀវជាតិមានចំនួនជាង​ ២៥ម៉ឺននាក់ធៀបនឹងឆ្នាំ២០២៣ កើនឡើង ៨៩% អន្តរជាតិមានចំនួន​ ៦១៣នាក់ ធៀបនឹងឆ្នាំ២០២៣ មានចំនួនត្រឹមតែ២៦៥នាក់ កើនឡើង​ ១៣១%។

ជាមួយនឹងការរៀបចំឱ្យមានព្រឹត្តិការណ៍កម្សាន្តសប្បាយដើម្បីអបអរសាទរព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែ​ និងបណ្តែតប្រទីបដែល​និងខិតចូលមកដល់នេះដែរ លោក រស់ សុខ ក៏បានបញ្ជាក់ផងដែរថា​ តម្លៃទំនិញម្ហូបអាហារ និងសេវាស្នាក់នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ក៏ដូចជានៅតាមភោជនីយដ្ឋាន អាហារដ្ឋាន​ និងសេវាស្នាក់នៅ ជារួមមានការរក្សាតម្លៃផលិតផលដូចថ្ងៃធម្មតា មិនមានការតម្លើងថ្លៃនោះទេ ហើយចំពោះបញ្ហាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺទាំងមូលនាឱកាសនៃពិធីប្រណាំងទូកថ្នាក់ខេត្តនៅថ្ងៃទី១នេះដែរ​ គឺមានស្ថានភាពល្អប្រសើរក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកងកម្លាំងសមត្ថកិច្ច​ និងគណៈបញ្ជាការឯកភាពខេត្ត និយាយជារួមមិនមានបទល្មើសអ្វីកើតឡើងនោះទេ៕

ដោយ: សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល

To Top