ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសការបិទស្ថានកុងស៊ុលរបស់ខ្លួន របស់ប្រទេសអាល្លឺម៉ង់

Afp

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានថ្កោលទោស ចំពោះចំណាត់ការរបស់អាល្លឺម៉ង់ ក្នុងការបិទស្ថានកុងស៊ុលអ៊ីរ៉ង់ នៅលើទឹកដីរបស់ខ្លួន ជាការឆ្លើយតបទៅនឹងការប្រហារជីវិតលោក Jamshid Sharmahd ដែលមានសញ្ជាតិ អាល្លឺម៉ង់-អ៊ីរ៉ង់។

លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X មួយថ្ងៃបន្ទាប់ពីប្រទេសអាល្លឺម៉ង់ បានប្រកាសការសម្រេចចិត្តរបស់ខ្លួនក្នុងការបិទស្ថានកុងស៊ុលអ៊ីរ៉ង់ទាំងបីនៅក្នុងប្រទេសរបស់ខ្លួន។

លោក Araghchi បានលើកឡើងថា “ការបិទស្ថានកុងស៊ុលរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសអាល្លឺម៉ង់ គឺជាការដាក់ទណ្ឌកម្មប្រឆាំងនឹងជនជាតិអ៊ីរ៉ង់ដែលរស់នៅក្នុងប្រទេសនោះ ដែលភាគច្រើនមានសញ្ជាតិអាល្លឺម៉ង់ផងដែរ” ។

លោកបានបន្ថែមថា រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងដាក់ទណ្ឌកម្ម “ជនជាតិអ៊ីរ៉ង់រាប់ម៉ឺននាក់ផ្សេងទៀតដែលកាន់លិខិតឆ្លងដែនអាល្លឺម៉ង់ គាំទ្រដល់ភេរវករ ដែលបានសម្លាប់មនុស្សស្លូតត្រង់ ១៤នាក់ និងរបួសជាង ២០០នាក់” នៅក្នុងការទម្លាក់គ្រាប់បែកនៅទីក្រុង Shiraz ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ក្នុងឆ្នាំ២០០៨ ។

ស្ថានកុងស៊ុលអ៊ីរ៉ង់ចំនួនបី ដែលរងផលប៉ះពាល់ដោយការសម្រេចចិត្តបិទគឺនៅទីក្រុង Frankfurt ទីក្រុង Hamburg និងទីក្រុង Munich ដោយឡែកស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងប៊ែរឡាំង នឹងនៅតែដំណើរការដដែល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top