ព័ត៌មានអន្តរជាតិ

អំពើបាញ់ប្រហារមួយនៅភាគកណ្តាលប្រទេសបារាំង បង្កឲ្យមានរបួសស្នាមមនុស្ស ០៥នាក់ កើតចេញពីជម្លោះវាយតប់គ្នាពីសំណាក់ក្រុមក្មេងទំនើងរាប់រយនាក់

Afp

ប៉ារីស៖ ទូរទស្សន៍បារាំង BFMTV បានរាយការណ៍កាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មានមនុស្សចំនួន០៥នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារមួយកាលពីយប់ថ្ងៃព្រហស្បតិ៍នៅទីក្រុង Poitiers ស្ថិតនៅភាគខាងលិចនៃភាគកណ្តាលប្រទេសបារាំង ដែលបង្កឡើងដោយសារតែមានការវាយតប់គ្នារបស់ក្រុមក្មេងទំនើងដែលពាក់ព័ន្ធនឹងមនុស្សរាប់រយនាក់ ។

ទូរទស្សន៍ BFMTV បានផ្សាយថា រឿងហេតុ គឺកើតឡើងប្រហែលម៉ោង១០ និង ៤៥នាទីយប់ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២១ និង ៤៥នាទីម៉ោងសកល នៅគ្រាដែលបុគ្គលនៅក្នុងរថយន្តបានបាញ់កាំភ្លើងនៅទីលានមួយក្នុងទីក្រុង Poitiers ។

ប៉ូលិសបានរកឃើញមនុស្សចំនួន ០៥នាក់រងរបួសដោយសារការបាញ់កាំភ្លើង ។ ទូរទស្សន៍ BFMTV បានរាយការណ៍ឲ្យដឹងថា ក្នុងចំណោមពួកគេ មានក្មេងជំទង់អាយុ ១៥ឆ្នាំម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយមានរបួសត្រង់ក្បាល ។ ទូរទស្សន៍ BFMTV បានរាយការណ៍ទៀតថា ក្មេងជំទង់ ០២នាក់ផ្សេងទៀតត្រូវបានបាញ់ចំស្មា និងកជើង ។

ភ្លាមៗនោះ ក្រោយការបាញ់ប្រហារ ការប៉ះទង្គិចគ្នាបានកើតឡើងនៅលើទីលានមួយ ដែលដំបូងឡើយមានមនុស្សប្រហែល ៥០នាក់ ។ តាមសេចក្តីរាយការណ៍ ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមមនុស្ស ។ ទូរទស្សន៍ BFMTV បានដកស្រងសម្តីពីអភិបាលតំបន់ លោក Jean-Marie Girier ដែលបានបញ្ជាក់យ៉ាងដូច្នេះថា ខណៈដែលមានមនុស្សរាប់រយនាក់មានវត្តមានក្នុងអំឡុងពេលប៉ះទង្គិចគ្នានោះ មិនមែនទាំងអស់បានចូលរួមនោះទេ ។

ប្រភពពីប៉ូលិសបានប្រាប់ដល់ទូរទស្សន៍ BFMTV ថា ការស៊ើបអង្កេតដែលកំពុងបន្តធ្វើ ហើយចង្អុលបង្ហាញទៅអំពើហិង្សារវាងក្រុមគ្រឿងញៀន ដែលជាគូប្រជែងគ្នា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top