ព័ត៌មានជាតិ

លោក ម៉ិច ដារ៉ា បានចូលជួបដោយផ្ទាល់ ជាមួយសម្តេចធិបតី ក្រោយទទួលបានសេរីភាព

រូបភាព៖ នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ លោក ម៉ិច ដារ៉ា អ្នកកាសែត freelance នៅកម្ពុជា ដែលទើបតែត្រូវបានដោះលែងឱ្យមានសេរីភាព បន្ទាប់ពីត្រូវបានតុលា ចោទប្រកាន់ក្រោម​បទញុះញង់ ទាក់ទងនឹងការបង្ហោះតាមបណ្ដាញ​សង្គម បានចូលជួបជាមួយសម្តេចធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្ទាល់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ។ នេះបើយោងតាមបណ្តាញសង្គម របស់សម្តេចធិបតី ​ហ៊ុន ម៉ាណែត ដែលផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃទី៤ វិច្ឆិកានេះ។

នៅលើបណ្តាញសង្គម សម្តេចធិបតី បានលើកឡើងថា “ជួបជជែកលេងជាមួយប្អូនប្រុស ម៉ិច ដារ៉ា លើប្រធានបទជាច្រើន រួមទាំងសិទ្ធិសេរីភាព​ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដែលចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុសពីការពិត នាំឲ្យអ្នកស្ដាប់ឬអ្នកអានព័ត៌មាន មានការយល់ច្រឡំខុស”។

ក្នុងនោះដែរ សម្តេចធិបតី ហុន ម៉ាណែត ថែមទាំងបានបញ្ជាក់ថា “ខ្ញុំធ្លាប់ស្គាល់ប្អូនប្រុស ម៉ិច ដារ៉ា កន្លងទៅជាច្រើនឆ្នាំមកហើយ ប៉ុន្តែយើងមិនដែលមានឱកាស បានអង្គុយជជែកគ្នាលេងដូចពេលនេះ”។

គួរឱ្យដឹងថា លោក ម៉ិច ដារ៉ា ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​លោក​ទទួល​​បាន​អនុញ្ញាត​ ឱ្យចាកចេញ​ពី​ពន្ធនាគារ​ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​តុលា បន្ទាប់​ពី​លោក​បាន​​សុំទោសចំ​ពោះ ​សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃកម្ពុជា តាម​រយៈ​វីដេអូ​ឃ្លីប កាល​ពី​យប់​ថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២៤៕

To Top