ព័ត៌មានអន្តរជាតិ

ការបញ្ជូនទ័ពទៅរុស្ស៊ី ជាល្បែងមួយសម្រាប់មេដឹកនាំកូរ៉េខាងជើង

kyodo

ហ្សឺណែវ៖ អតីតមន្ត្រីការទូតជាន់ខ្ពស់ម្នាក់ដែលបានភៀសខ្លួនចេញពីទីក្រុងព្យុងយ៉ាង កាលពីឆ្នាំមុនបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលេងល្បែង ក្នុងការបញ្ជូនកងទ័ពទៅកាន់ប្រទេសរុស្ស៊ី ចំពេលមានការលុកលុយជាបន្តបន្ទាប់របស់អ៊ុយក្រែន។

លោក Ri Il Gyu អតីតទីប្រឹក្សានៅស្ថានទូតកូរ៉េខាងជើងប្រចាំប្រទេសគុយបា បានប្រាប់កាសែតក្យូដូជប៉ុនឲ្យដឹង នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា លោក គីម នឹងមិនបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរឡើយ ទោះបីជាវាបានបង្កការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសរបស់គាត់ក៏ដោយ ហើយទីក្រុងព្យុងយ៉ាង នៅតែចាប់អារម្មណ៍យ៉ាងខ្លាំង លើជំនួយសេដ្ឋកិច្ចពីប្រទេសជប៉ុន។

សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនទាហានប្រហែល ១ម៉ឺន នាក់ដើម្បីជួយកងកម្លាំងរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ស្របតាមសន្ធិសញ្ញាដែលបានចុះហត្ថលេខាដោយលោក គីម និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីខែមិថុនា។

ទាំងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង មិនបានបញ្ជាក់យ៉ាងច្បាស់អំពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង នៅក្នុងតំបន់នោះទេ ពីព្រោះពួកគេទទួលស្គាល់ទាំងស្រុងថា វាបំពានច្បាប់អន្តរជាតិ នេះបើតាមសម្តី លោក Ri ដែលបច្ចុប្បន្នធ្វើការឱ្យក្រុមអ្នកគិតពិចារណា នៅក្រោមសេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង។

លោកបានលើកឡើងថា “កងទ័ពប្រទេសកូរ៉េខាងជើង ពិតជាអាចទទួលបានបទពិសោធន៍សង្គ្រាម” ដើម្បីឱ្យពួកគេអាចប្រយុទ្ធដោយភាពក្លាហាន និងដោយគ្មានការភ័យខ្លាច ដោយពន្យល់ពីមូលហេតុដែលលោកជឿថា របបរបស់លោក គីម បានបញ្ជូនបុគ្គលិកយោធាទៅកាន់ប្រទេសរុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top