ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស ប្រកាសបន្ថែមទឹកប្រាក់ជិត ១០០លានដុល្លារ ដើម្បីពង្រឹងសន្តិសុខព្រំដែន

AFP

ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងដាក់ប្រាក់បន្ថែមចំនួន ៧៥លានផោន (៩៧,៣លានដុល្លារអាមេរិក) របស់ចក្រភពអង់គ្លេស ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហារត់ពន្ធមនុស្ស។

នៅក្នុងសុន្ទរកថាទៅកាន់សម័យប្រជុំលើកទី៩២ នៃមហាសន្និបាត Interpol នៅទីក្រុង Glasgow លោក Starmer បានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យ “ភ្ញាក់ឡើង ចំពោះភាពធ្ងន់ធ្ងរ” នៃបញ្ហាប្រឈមនៃការរត់ពន្ធ ដែលបង្ហាញពីសន្តិសុខតាមព្រំដែន។

លោកបានលើកឡើងថា ការរត់ពន្ធមនុស្ស គឺជា “ការជួញដូរដ៏អាក្រក់ ដែលត្រូវតែលុបបំបាត់ចោល” ហើយគួរតែត្រូវបានគេចាត់ទុកថាជា “ការគំរាមកំហែងសន្តិសុខ ពិភពលោក ស្រដៀងទៅនឹងអំពើភេរវកម្មដែរ” ។

នាយករដ្ឋមន្ត្រីរូបនេះបានបន្ដថា ការចាក់សាច់ប្រាក់បន្ថែម នឹងនាំមកនូវការវិនិយោគ នៅក្នុងទីបញ្ជាការសន្តិសុខ ព្រំដែនថ្មី របស់ចក្រភពអង់គ្លេស ក្នុងរយៈពេលពីរឆ្នាំខាងមុខដល់ ១៥០ លានផោន។ ទឹកប្រាក់​នេះ​នឹង​ជួយ​ផ្តល់​មូលនិធិ​ដល់​អ្នក​ស៊ើបអង្កេត​ជំនាញ​បន្ថែម និង​ឧបករណ៍​ឃ្លាំមើលរបស់ពួកគេ។

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមនុស្សចំនួន ៥,៤១៧ នាក់ បានឆ្លងកាត់ប៉ុស្តិ៍ ដោយទូកតូចៗនៅក្នុងខែតុលា ដែលជាតួលេខប្រចាំខែខ្ពស់បំផុត សម្រាប់ការឆ្លងកាត់ខុសច្បាប់ ចាប់តាំងពីខែតុលាឆ្នាំ២០២២៕
ប្រែសម្រួល ឈូក បូរ៉ា

To Top