ភ្នំពេញ៖ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ លោក ស្រី ជូ ប៊ុនអេង បានផ្ញើសារផ្តាំទៅក្រុមស្រ្តីខ្មែរ ជាពិសេសក្មេងស្រីៗកុំគួរប្រថុយប្រថានស្វែងគូស្រករ នៅក្រៅប្រទេស ព្រោះជារឿងមិនល្អអាចធ្លាក់ចូលក្នុងគ្រោះថ្នាក់អ្វីមួយ។
ការលើកឡើងរបស់លោកស្រីនេះ បន្ទាប់ពីអង្គការអាដ ហុក បានបង្ហាញរបាយការណ៍ថា ការជួញដូរស្ត្រីខ្មែរបង្ខំឲ្យរៀបការជាមួយបុរសចិន មានការកើនឡើងក្នុងរយៈពេល៩ខែឆ្នាំ២០២៤ជាងករណីជួញដូរមនុស្សផ្សេងៗទៀត។ ក្នុងនោះគេបានអន្តរាគមន៍និងជួយសង្គ្រោះ ជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅចិនចំនួន ២៥ករណី។ ក្នុងចំណោមស្ត្រីរងគ្រោះទាំងអស់ ២៩នាក់ គឺមាន២៨នាក់ បានរងគ្រោះដោយអំពើបង្ខំឲ្យរៀបការនៅចិន។
លោកស្រីបានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៥ វិច្ឆិកាថា ការជួញដូរតាមរយៈការរៀបអាពាហ៍ពិពាហ៍នេះ ក្នុងនាមរាជរដ្ឋាភិបាលតែងតែធ្វើការ ក្រើនរំលឹកអប់រំផ្សព្វផ្សាយទៅដល់ ពលរដ្ឋពិសេសក្រុមស្រ្តីវ័យក្មេង អំពីការព្យាយាមស្វែងរកគូស្រករ តាមរយៈការរៀបអាពាហ៍ពិពាហ៍នៅប្រទេស ឬរកការងារធ្វើដោយទទួលបានប្រាក់ច្រើននោះ កុំឆាប់លង់ជឿពេកព្រោះអាចធ្លាក់ចូលក្នុងភាពរងគ្រោះ ប៉ុន្តែពួកគាត់មិនដែលស្តាប់ និងអនុវត្តតាមនោះទេ។
លោកស្រីក៏បានលើកឡើងពីភាពជាក់ស្តែងថា នៅពេលពួកគាត់ទៅរកគូស្រករនៅក្រៅប្រទេស ហើយអ្នកណាអូសទាញ ខាងលោកស្រីឬអាជ្ញាធរមិន បានដឹងលឺអ្វីនោះទេ ក៏ប៉ុន្តែបានដឹងនៅពេលពួកគាត់ ទៅដល់ហើយ ក៏ទៅយកសំបុត្រអាពាហ៍ពិពាហ៍។
ដូច្នេះលោកស្រីថា ច្បាប់រៀបការស្រុកគេខុសពី ច្បាប់រៀបការនៅកម្ពុជា ចឹងត្រូវតែអនុវត្តតាមច្បាប់គ្រួសារខាងគេហើយ ហើយករណីរឿងរៀបការនៅស្រុកគេ ជួបការលំបាកខាងកម្ពុជា ក៏បានតវ៉ាជាច្រើនដងដែរ តែគ្មានប្រសិទ្ធភាព។
លោកស្រី ជូ ប៊ុនអេងគូសបញ្ជាក់ថា “ចឹងសូមផ្តាំផ្ញើតាមរយៈអ្នកសារព័ត៌មានថា ស្រ្តីទាំងឡាយនៅកម្ពុជាយើងមិនគួរនាំគ្នា (ជ្រួលជ្រើម) ស្វែងរកគូស្រករនៅក្រៅប្រទេស ដោយប្រថុយប្រថានបែប នេះទេ ព្រោះយើងធ្លាប់បានដឹងហើយថា វាមានរឿងមិនល្អសម្រាប់អ្នកប្រថុយប្រថានហ្នឹង។ អ្នកដែលសុខសប្បាយក៏គេមិនបាននិយាយ ហើយអ្នកទៅដោយមិនសុខសប្បាយក៏មានច្រើនហើយ អីចឹងគួរគិតឡើងវិញថា តើគួរដែលទេចំពោះការប្រថុយប្រថាន ទៅរកគូស្រករនៅក្រៅប្រទេសហ្នឹង ដល់ទីបំផុតយើងប្រាប់ថា យើងចាញ់បោកគេ”។
ចំណុចនេះលោកស្រីបានសង្កត់ធ្ងន់ថា ហេតុអ្វីក៏មិនស្តាប់ការទូន្មានរបស់រាជរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធឲ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការញុះញង់របស់មនុស្សមួយចំនួន ដែលខ្លួនមិនដឹងពីប្រភពច្បាស់លាស់ ៕