វ៉ាស៊ីនតោន៖ មន្ត្រីសហព័ន្ធ និងមូលដ្ឋាន របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា គ្មានការគម្រាមកំហែងដោយគ្រាប់បែក ដែលបានបញ្ជូន ទៅកាន់កន្លែងបោះឆ្នោត ក្នុងរដ្ឋសំខាន់ៗ មួយចំនួន ដែលអាចជឿទុកចិត្តបាននោះទេ ដោយសារការរាប់សន្លឹកឆ្នោតកំពុងដំណើរការ ដើម្បីជ្រើសរើសប្រធានាធិបតីបន្ទាប់ របស់ប្រទេសនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការគំរាមកំហែងគ្រាប់បែក ត្រូវបានទទួលនៅក្នុងរដ្ឋដូចជា Arizona, Georgia, Michigan និង Wisconsin ដែលលទ្ធផលអាចមានឥទ្ធិពលលើលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីអាមេរិក។
ABC News បានរាយការណ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារនេះថា FBI បានដឹងពីការគំរាមកំហែង ហើយថា “គ្មានការគំរាមកំហែងណាមួយ ត្រូវបានគេកំណត់ថា អាចជឿទុកចិត្តបាននោះទេ រហូតមកដល់ពេលនេះ” ។
ការបន្ថែមម៉ោងបោះឆ្នោត ត្រូវបានអនុញ្ញាតក្នុងរដ្ឋហ្សកហ្ស៊ី ជាកន្លែងដែលមន្ត្រី FBI បានឲ្យដឹងថា ការគម្រាមកំហែងគ្រាប់បែកជាច្រើនត្រូវបានទទួល ដើម្បីទូទាត់ពេលវេលា ដែលបាត់បង់ ដោយសារការិយាល័យបោះឆ្នោតត្រូវបានបង្ខំឱ្យវាយតម្លៃការគំរាមកំហែង។
នៅក្នុងរដ្ឋ Arizona ការគំរាមកំហែងដោយគ្រាប់បែកបែបនេះ ត្រូវបានបញ្ជូនទៅកន្លែងបោះឆ្នោតនៅក្នុងខោនធី Navajo ដែលជនជាតិដើមអាមេរិករស់នៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
អភិបាលរដ្ឋ Michigan បានបញ្ជាក់ថា ការគំរាមកំហែងគ្រាប់បែកបានកើតឡើងនៅក្នុងកន្លែងបោះឆ្នោត “២ ទៅ ៣កន្លែង” នៅក្នុងរដ្ឋ ប៉ុន្តែបានច្រានចោល ពួកគេថាមិនគួរឱ្យទុកចិត្ត។
លោក Ann Jacobs ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោត Wisconsin បានឲ្យដឹងថា ការគំរាមកំហែងដោយគ្រាប់បែកក្លែង ក្លាយត្រូវបានបញ្ជូនទៅទីតាំងបោះឆ្នោតចំនួនពីរ នៅទីក្រុង Madison ដែលជារដ្ឋធានីរបស់រដ្ឋ ប៉ុន្តែការបោះឆ្នោតមិនត្រូវបានរំខាននោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
