ព័ត៌មានជាតិ

ក្រុមហ៊ុន Zhongjiao Tongli ចិន ចង់ពង្រីការវិនិយោគ លើវិស័យកសិកម្ម ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី

រូបភាព៖ នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli បានបង្ហាញបំណងពង្រីកការវិនិយោគរបស់ខ្លួន​ លើវិស័យកសិកម្ម នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែមទៀត។

ក្នុងជំនួបជាមួយសម្តេចធិបតី នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន លោក Zhongdi Sun បានលើកឡើងថា កម្ពុជាគឺជាប្រទេសដែលមាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលការណ៍នេះជាកាលានុវត្តភាព និងកត្តាអំណោយផល សម្រាប់ការវិនិយោគនៅក្នុងកម្ពុជា។

លោកប្រធានក្រុមហ៊ុន បានឱ្យដឹងទៀតថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ។ ក្នុងនោះក្រុមហ៊ុនក៏បាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។ បន្ថែមលើនេះ ក្រុមហ៊ុនរបស់លោក ក៏មានបំណងពង្រីកការវិនិយោគលើវិស័យកសិកម្ម នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែមទៀតផងដែរ​។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្តីសោមន្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាព​ ទៅលើវិស័យកសិកម្ម និងបន្តគាំទ្រការវិនិយោគលើវិស័យនេះនៅកម្ពុជា។

ជាមួយគ្នានោះ សម្ដេចបវរធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងដាក់ចេញ នូវគោលនយោបាយលើកទឹកចិត្ត​ ការវិនិយោគនៅខេត្តភាគឦសាននៃប្រទេស ហើយផ្អែកតាមគោលនយោបាយនេះ ក្រុមហ៊ុនអាចពិនិត្យលទ្ធភាពវិនិយោគ លើវិស័យផ្សេងៗទៀត នៅតំបន់នោះផងដែរ។ ពាក់ព័ន្ធនឹងលទ្ធភាពនៃការពង្រីការវិនិយោគ របស់ក្រុមហ៊ុននៅកម្ពុជា សម្ដេចបវរធិបតីបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនបន្តសហការនិងពិភាក្សាបន្ថែមទៀត ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

To Top