ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរ ក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៦វិច្ឆិកានេះ បានបញ្ជាក់ថា ដើម្បីឱ្យការប្រារព្ធពិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរ ជាបណ្តោះអាសន្ន ចំពោះ យានយន្តគ្រប់ប្រភេទ នៅតាមកំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូត ដល់ស្តុបនាគបាញ់ទឹក) និងកំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់ពិធី ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ៕