ភ្នំពេញ ៖ អ្នកវិភាគសេដ្ឋកិច្ច វ័យក្មេងលោក ឆេង គឹមឡុងបានបង្ហាញទស្សនថា សម្រាប់ការឡើង កាន់តំណែង ជាប្រធានាធិបតីថ្មី របស់អាមេរិកជាលើកទី២ របស់ លោក ដូណាល់ ត្រាំ នាពេលខាងមុខអាច នឹងធ្វើឲ្យសេដ្ឋកិច្ច ពិភពលោកមានការប្រែប្រួល ។
ប្រែប្រួលដែលលោក ឆេង គឹមឡុង សំដៅដល់នោះ គឺនឹងធ្វើឲ្យសេដ្ឋកិច្ច រំជើបរំជួល ព្រោះការដឹកនាំរ បស់លោកត្រាំ ទៅលើអ្វី តែងតែធ្វើឡើងដោយការ ប្រញាប់ប្រញាល់ មិនបានគិតគូរវែងឆ្ងាយ ហើយទទួលបានមកវិញ នូវការជំទាស់ពីមតិនានា។
នេះជាអាណត្តិទី២របស់លោក ត្រាំ ហើយ សម្រាប់ជាប់ឆ្នោត ជាប្រធានាធិបតីអាមេរិក ក្នុងវ័យ៧៨ឆ្នាំ បន្ទាប់ពីលោក បានកាន់តំណែងក្នុងអាណត្តិទី១កាលពីឆ្នាំ២០១៦ដល់២០២០។
លោក ឆេង គឹមឡុង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៧ វិច្ឆិកាថា “ខ្ញុំយល់ឃើញថា សេដ្ឋកិច្ចពិភពលោក ក្នុងអាណត្តិដែលលោកដូណាល់ ត្រាំ ចូលកាន់តំណែង ជាប្រធានាធិបតីជាលើកទី២ អាច នឹងមានការរំជើបរំជួល ដូចនៅក្នុងអាណត្តិមុនដែលគាត់ កាន់តំណែង ដោយសារតែចំណាត់ ការនយោបាយរបស់ដូណាល់ ត្រាំ នៅក្រោមរដ្ឋបាល របស់គាត់តែងតែធ្វើដោយភាពតក់ក្រហល់ ឬក៏សម្រេចចិត្តតែងតែ ទទួលបាននូវការជំទាស់ ឬក៏ការមិនសប្បាយចិត្តជាច្រើន”។
លោកបន្តថា តួយ៉ាងដូចជាជម្លោះ ផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយប្រទេសចិន និងប្រទេសធំៗមួយចំនួន ក្នុងពិភពលោក ដែលមានការប្រកួតប្រជែង ជាមួយអាមេរិកនឹង មានការរឹតត្បិតពន្ធគយ ។
ចំពោះការរឹតត្បិតនេះដែរលោកថា នឹងរាលដាលមក ដល់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ។
ប៉ុន្តែទោះបីជាយ៉ាងណាលោក ឆេង គឹមឡុងក៏បាន ប្រមើលមើលទុកជាមុនថា ក៏នឹងផ្តល់ប្រយោជន៍ ដល់ប្រទេសនៅតំបន់ អាស៊ីផងដែរ តាមរយៈការមិនដាក់សម្ពាធ ផ្នែកនយោបាយ ដល់ប្រទេសតូចៗ ព្រោះអាមេរិកគិតផល ប្រយោជន៍ខ្លួនឯងជាធំ ។
សូមបញ្ជាក់ថា ក្រោយការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មីរបស់អាមរិកកាលពីថ្ងៃ៤ វិច្ឆិកា ដែលមានការប្រកួតប្រជែង គ្នារវាងលោកដូណាល់ ត្រាំ មកពីគណបក្ស សាធារណរដ្ឋ ជាមួយលោកស្រី កាម៉ាឡា ហារីស មកពីគណបក្ស ប្រជាធិបតេយ្យ លទ្ធផល បង្ហាញថា លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក ដោយលោកទទួល បានអង្គបោះឆ្នោតចំនួន២៧៧ ខណៈលោកស្រី កាម៉ាឡា ហារីសចំនួន ២២៦ ៕