ព័ត៌មានអន្តរជាតិ

ប្រមុខយោធាអ៊ីស្រាអែល ជំរុញឲ្យមានការរៀបចំ សម្រាប់ប្រតិបត្តិការពង្រីកនៅលីបង់

Xinhua

យេរ៉ូសាឡឹម៖ អគ្គសេនាធិការរបស់អ៊ីស្រាអែល លោក Herzi Halevi បានឲ្យដឹងថា យោធាត្រូវតែត្រៀមខ្លួនជាស្រេច សម្រាប់ការប្រយុទ្ធបន្តនៅក្នុងប្រទេសលីបង់ រួមទាំងការពង្រីកប្រតិបត្តិការជើងគោក ដែលអាចធ្វើទៅបាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយបានឱ្យដឹងថា “ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងការទូតកំពុងដំណើរការ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនៅក្នុងប្រទេសលីបង់ យើងត្រូវបន្តរៀបចំផែនការ សម្រាប់ការប្រយុទ្ធដែលកំពុងបន្ត ដែលអាចពង្រីក និងបង្កើនសមយុទ្ធជើងគោករបស់យើង យើងនឹងអនុវត្តផែនការទាំងនេះតាមតម្រូវការ” ។

លោក Halevi ក៏បានកត់សម្គាល់ផងដែរថា ចំពេលមានការវាយលុកបច្ចុប្បន្នតាមផែនការរបស់អ៊ីស្រាអែល បានវាយប្រហារទីតាំង របស់ក្រុមហេសបូឡា ដែលមានមូលដ្ឋាននៅក្នុងប្រទេសលីបង់ ជាពិសេសនៅក្នុងទីតាំងជាច្រើននៅទូទាំងភាគខាងត្បូងលីបង់ ជ្រលង Bekaa ទីក្រុងបេរូត និងប្រទេសស៊ីរីផងដែរ។

តាមសេចក្តីរាយការណ៍កាលពីថ្ងៃពុធផងដែរ ជនស៊ីវិលអ៊ីស្រាអែលអាយុ ១៨ ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ខណៈដែលកំពុងធ្វើការនៅក្នុងវាលកសិកម្មមួយ ដោយគ្រាប់រ៉ុក្កែតដែលបាញ់ដោយកងកម្លាំងក្រុមហេសបូឡា ចេញពីប្រទេសលីបង់។ ប៉ូលីសអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណជនរងគ្រោះថាមានឈ្មោះ Sivan Sade ជាអ្នកស្រុក Kibbutz Kfar Masaryk ដោយកែតម្រូវរបាយការណ៍មុនពីសេវាសង្គ្រោះជាតិ ដែលបានកំណត់អត្តសញ្ញាណដោយច្រឡំថា រូបគេជាជនបរទេស៕

ប្រែសម្រួល ឈូក បូរ៉ា

To Top