ខេត្តកណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាលេងល្បែងស៊ីសង់ខុសច្បាប់គ្រប់ប្រភេទ បទល្មើសគ្រឿងញៀន ពិសេសមុខសញ្ញាបោកប្រាស់តាមប្រព័ន្ធ online និងកម្ចីខុសច្បាប់តាមប្រព័ន្ធ online ផងដែរ។
លោក អភិបាលខេត្ត បន្ដថា សំដៅធ្វើយ៉ាងណារួមសហការគ្នាបង្ក្រាបឱ្យអស់ពីមូលដ្ឋានរៀងៗ ខ្លួនមូលដ្ឋាន។
លោក អភិបាលខេត្ត បានជំរុញដូច្នេះក្នុងកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសរបស់រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានការចូលរួមពីសំណាក់ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង-ស្រុក និងអង្គភាពចំណុះសាលាខេត្ត។
លោក អភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ លើការងារពង្រឹងសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបានលើកទឹកចិត្តដល់កងកម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំពង្រឹងការងារភូមិឃុំមានសុវត្ថិភាពបន្ថែមទៀតនៅមូលដ្ឋានរបស់ខ្លួន។
លោក អភិបាលខេត្ត បានណែនាំដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈ និងស្ថេរភាពនយោបាយទាំងក្នុងភូមិសាស្ត្រខេត្ត ឱ្យកាន់តែល្អរឹងមាំថែមទៀត ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត និងសេចក្តីសុខសប្បាយរបស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យសកម្មភាពថែម ចំពោះការដោះស្រាយបញ្ហា សំណូមពរនានា ដែលប្រជាពលរដ្ឋកំពុងតែជួបប្រទះ។
លោក អភិបាលខេត្ត បានបញ្ជាក់ថា លើការងារផ្តល់សេវាជូនពលរដ្ឋ សូមឱ្យអាជ្ញាធរ ក្រុង-ស្រុកត្រូវតែខិតខំប្រើសេវា ឱ្យកាន់តែលឿនរហ័ស និងមានការជឿទុកចិត្ត លុបបំបាតនូវអំពើអសកម្មនានា កុំធ្វើឱ្យមានការថ្នាំងថ្នាក់ចិត្តពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕