ឡុងដ៍៖ ទីភ្នាក់ងារគិតគូរបស់ចក្រភពអង់គ្លេស បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះអាចធ្លាក់ចុះ ០,៧ ភាគរយ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតលោក ត្រាំ អនុវត្តពន្ធគយចំនួន ១០ភាគរយលើទំនិញនាំចូលទាំងអស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
វិទ្យាស្ថានជាតិស្រាវជ្រាវសេដ្ឋកិច្ច និងសង្គម (NIESR) បានប៉ាន់ប្រមាណថា កំណើនផលិតផលក្នុងស្រុកសរុប របស់ចក្រភពអង់គ្លេសអាចមានប្រហែល ០,៧ភាគរយទាបជាងនៅឆ្នាំដំបូងបន្ទាប់ពីការអនុវត្តពន្ធ ០,៥ ភាគរយទាបជាងនៅឆ្នាំទីពីរ និងចន្លោះពី ០,២ ទៅ ០,៣ ភាគរយនៅក្នុង ឆ្នាំទី៣។ លោក Ahmet Kaya សេដ្ឋវិទូសំខាន់នៅ NIESR ដោយផ្តោតលើពាណិជ្ជកម្មអន្តរជាតិ បានគូសបញ្ជាក់វិធីជាច្រើន ដែលពន្ធបែបនេះអាចប៉ះពាល់ដល់ សេដ្ឋកិច្ចចក្រភពអង់គ្លេស។
លោកបានលើកឡើងថា “កត្តាចម្បង គឺកំណើនសកល។ ការព្យាករណ៍របស់យើងបង្ហាញថា កំណើនពាណិជ្ជកម្មសកលអាចថយចុះប្រហែល ១,៥ភាគរយ ក្នុងមួយឆ្នាំ។ លើសពីនេះ ឥទ្ធិពលអតិផរណានៃពន្ធគយទាំងនេះ អាចនាំឱ្យអត្រាការប្រាក់កាន់តែខ្ពស់ ដែលជះឥទ្ធិពលដោយប្រយោលដល់ចក្រភពអង់គ្លេស។ សម្រាប់ចក្រភពអង់គ្លេស យើងរំពឹងថា អតិផរណានឹងកើនឡើងប្រហែល ៣ ទៅ ៤ ភាគរយជាលទ្ធផល”។
លោកបានបន្ថែមថា “ការកើនឡើងអតិផរណានេះទំនងជា នឹងបណ្តាលឱ្យមានការកើនឡើងប្រហែល ២,២ ទៅ ៣ ភាគរយនៃអត្រាការប្រាក់ កាត់បន្ថយទាំងការប្រើប្រាស់ និងការវិនិយោគ ដោយហេតុនេះអាចរួមចំណែកដល់កំណើន GDP កាន់តែយឺត។ លោកបានកត់សម្គាល់បន្ថែមទៀតថា ការដំឡើងពន្ធដែលបានព្យាករណ៍ អាចកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុប របស់សហរដ្ឋអាមេរិកប្រមាណពី ១,៣ ទៅ ១,៨ភាគរយ អាស្រ័យលើថាតើដៃគូពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកឆ្លើ យតបជាមួយនឹងវិធានការតបត។ ក្នុងរយៈពេល ៥ឆ្នាំ ឥទ្ធិពលប្រមូលផ្តុំអាចកាត់បន្ថយ GDP របស់សហរដ្ឋអាមេរិក បានរហូតដល់ ៤ភាគរយ បើប្រៀបធៀបទៅនឹងសេណារីយ៉ូ ដែលមិនមានពន្ធបន្ថែម។
ដោយគ្មានផលប៉ះពាល់នៃពន្ធនេះ NIESR បានព្យាករណ៍នៅក្នុងរបាយការណ៍ ដែលបានបោះពុម្ពផ្សាយពេញមួយយប់ មុនពេលលទ្ធផលបោះឆ្នោត របស់សហរដ្ឋអាមេរិកបានមកថា GDP របស់ចក្រភពអង់គ្លេស នឹងកើនឡើងនៅ ១,២ ភាគរយនៅឆ្នាំ២០២៥ និង ១,៤ ភាគរយនៅឆ្នាំ២០២៦ ៕
ប្រែសម្រួល ឈូក បូរ៉ា