ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Elon Musk កើនទ្រព្យសម្បត្តិ រាប់ពាន់លានដុល្លារ ដោយសារតែជ័យជំនះ របស់លោក Donald Trump

RT News

បរទេស៖ ជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតី អាមេរិក បាននាំឱ្យទ្រព្យសម្បត្តិ របស់អ្នកគាំទ្រ ផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់លោកគឺ មហាសេដ្ឋី Elon Musk កើនឡើងដល់ទៅ ២៦,៥ ពាន់លានដុល្លារ នេះបើយោងតាម សន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សន្ទស្សន៍គឺជាចំណាត់ថ្នាក់ នៃអ្នកមានបំផុតទាំង៥០០រូប របស់ពិភពលោក ដោយផ្អែកលើទ្រព្យសម្បត្តិ សរុបរបស់ពួកគេ ។ ចំនួននេះគឺ គិតគូរពីការប្រែប្រួល នៃតម្លៃភាគហ៊ុន របស់ក្រុមហ៊ុនដែល មហាសេដ្ឋីទាំងនោះកាន់កាប់។

មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ ក្រុមហ៊ុន Tesla នាយកប្រតិបត្តិ SpaceX និង X បាននាំមុខគេក្នុងចំណាត់ថ្នាក់ ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន ជាងគេលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ២៩០ ពាន់លានដុល្លារ ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង 14.8% កាលពីថ្ងៃពុធ ខណៈដែលអ្នកវិនិយោគភ្នាល់ថា លោក Musk និងអ្នកផលិតរថយន្តអគ្គិសនីរបស់គាត់ នឹងទទួលបានអត្ថប្រយោជន៍ ពីការវិលត្រឡប់របស់លោក Trump ទៅកាន់សេតវិមាន ។

មហាសេដ្ឋី Elon Musk ដែលបានធ្វើយុទ្ធនាការ ជាមួយប្រធានាធិបតី ជាប់ឆ្នោតបានគាំទ្រ លោក Trump នូវប្រាក់រាប់ លានដុល្លារចាប់តាំងពីការយល់ ព្រមជាផ្លូវការពីគាត់នៅក្នុងខែកក្កដា ។ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ លោក Elon  Musk បានបរិច្ចាគប្រហែល ១១៩ លានដុល្លារដល់ គណៈកម្មាធិការ សកម្មភាពនយោបាយ របស់គណបក្ស សាធារណរដ្ឋ។

Tesla ដែលគ្រប់គ្រងការលក់រថយន្ត EV នៅសហរដ្ឋអាមេរិក ជាមួយនឹងចំណែកទីផ្សារ 48.9% ត្រូវបានគេរំពឹងថា នឹងទទួលបានការ កើនឡើងយ៉ាងខ្លាំង នៅក្រោមការគ្រប់គ្រង របស់លោក Trump ដោយសារផែនការ របស់សាធារណរដ្ឋ លើការតម្លើងពន្ធដ៏ទូលំទូលាយ លើការនាំចូលរថយន្តចិន ៕

To Top