ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ព្រមទាំងសាធារណជនថា ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៦) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅសាល S នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា»។
ការរៀបចំវេទិកានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋដែល ជាមូលដ្ឋានគ្រឹះធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ជាពិសេសដើម្បីលើកស្ទួយ សិទ្ធិសេរីភាពសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងរួមគ្នាពិភាក្សាពិគ្រោះយោបល់និងពង្រឹងភាព ជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ឱ្យមានភាពល្អប្រសើរបន្ថែមទៀត។
អាស្រ័យហេតុនេះ សូមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដែលមានបំណងចូលរួមក្នុងវេទិកានេះ សូមធ្វើការទំនាក់ទំនង និងចុះឈ្មោះនៅនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ (ជាន់ទី៣ បន្ទប់៣៧៤ ) នៃទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈតំណភ្ជាប់ https://forms.gle/bgAEXUbSbLACMEZb6 ។
កំណត់សម្គាល់៖ ដោយសារកន្លែងរៀបចំវេទិកានេះមានចំនួនកំណត់ ដូចនេះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេសដែលបានចុះឈ្មោះចំនួន ៣០០ នាក់ ដំបូងនឹងត្រូវបានផ្តល់អាទិភាពក្នុងការចូលរួម៕