បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងត្បូងមិនបដិសេធក្នុងការផ្តល់អាវុធដោយផ្ទាល់ដល់អ៊ុយក្រែននោះទេ ដែលជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងជំហររបស់ទីក្រុងសេអ៊ូលលើបញ្ហានេះ។
យោងតាមសារព័ត៌មាន France 24 ចេញផ្សាយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Yoon ក៏បានបង្ហាញដែរថា លោកបានពិភាក្សាបញ្ហារបស់កូរ៉េខាងជើងជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ក្នុងការសន្ទនាតាមទូរស័ព្ទដែលបានដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំមួយនៅពេលខាងមុខនេះ។
កូរ៉េខាងត្បូងមានគោលនយោបាយយូរអង្វែង ក្នុងការមិនផ្តល់អាវុធដល់ប្រទេសដែលមានជម្លោះ ប៉ុន្តែបានបង្ហាញថា អាចផ្លាស់ប្តូរដោយពន្លឺនៃការដាក់ពង្រាយទ័ពរបស់ក្រុងព្យុងយ៉ាងទៅកាន់រុស្ស៊ីដើម្បីជួយដល់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមនៅអ៊ុយក្រែន។
លោក Yoon បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងសេអ៊ូលថា “ឥឡូវនេះ អាស្រ័យលើកម្រិតនៃការចូលរួមរបស់កូរ៉េខាងជើង យើងនឹងកែសម្រួលជាបណ្តើរៗនូវយុទ្ធសាស្ត្រគាំទ្ររបស់យើងជាដំណាក់កាល” ។ នេះមានន័យថា យើងមិនច្រានចោលលទ្ធភាពនៃការផ្តល់អាវុធទេ»។
កូរ៉េខាងជើងបានក្លាយជាអ្នកគាំទ្រដ៏សំខាន់បំផុតមួយក្នុងការវាយលុកពេញលេញរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ទីក្រុងសេអ៊ូល និងលោកខាងលិចបានចោទប្រកាន់ក្រុងព្យុងយ៉ាងជាយូរមកហើយ ថាបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងកាំជ្រួចដល់ទីក្រុងមូស្គូសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។
ការចោទប្រកាន់ចុងក្រោយនេះ ផ្អែកលើរបាយការណ៍ចារកម្មបង្ហាញថា កូរ៉េខាងជើងបានដាក់ពង្រាយទាហានប្រហែល ១០.០០០ នាក់ទៅកាន់ប្រទេសរុស្ស៊ី ដោយស្នើឱ្យមានការជាប់ពាក់ព័ន្ធកាន់តែស៊ីជម្រៅនៅក្នុងជម្លោះ និងបង្កឱ្យមានការតវ៉ា និងការព្រមាននៅក្នុងទីក្រុងសេអ៊ូល, ទីក្រុងគៀវ និងរដ្ឋធានីខាងលិច៕
ប្រែសម្រួលៈ ណៃ តុលា