ព័ត៌មានអន្តរជាតិ

ជប៉ុន ចាប់ផ្ដើមការបោះឆ្នោតសភា និងត្រៀមបង្កើតគណៈរដ្ឋមន្រ្តីថ្មី

Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីលោក Shigeru Ishiba ត្រៀមខ្លួន ដើម្បីរក្សាតំណែងនាយករដ្ឋមន្ត្រីរបស់លោក នៅក្នុងការបោះឆ្នោតសភា នៅថ្ងៃចន្ទនេះ និងបង្កើតគណៈរដ្ឋមន្ត្រី ខណៈដែលសម័យប្រជុំពិសេសរយៈពេល ៤ថ្ងៃចាប់ផ្តើម បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែមុន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌ក្យូដូជប៉ុន។

ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលត្រូវតែធ្វើឡើងបន្ទាប់ពីការបោះឆ្នោតសកល ត្រូវបានគេរំពឹងថា នឹងបន្តទៅការបោះឆ្នោតជាលើកដំបូងក្នុងរយៈពេល ៣ទសវត្សរ៍។ លោក Ishiba ដែលជាប្រធានគណបក្សប្រជាធិបតេយ្យសេរី គ្រោងនឹងប្រកួតប្រជែងជាមួយលោក Yoshihiko Noda មេដឹកនាំគណបក្សប្រឆាំងរដ្ឋធម្មនុញ្ញ ដ៏សំខាន់របស់ប្រទេសជប៉ុន ។

ទាំងគណបក្ស LDP និងគណបក្ស CDPJ មិនមានសំឡេងភាគច្រើនទាំងស្រុង នៅក្នុងសភាជាន់ទាប ដែលមានសមាជិក ៤៦៥ រូបនោះទេ ប៉ុន្តែលោក Ishiba ត្រូវបានគេរំពឹងថា នឹងទទួលបានសំឡេងគាំទ្រច្រើនជាងលោក Noda ហើយបន្តកាន់តំណែង ព្រោះបេក្ខជន ដែលទទួលបានសំឡេងច្រើនជាងគេ ក្នុងការបោះឆ្នោតនឹងជាអ្នកឈ្នះ។

ការរំពឹងទុកនៃរដ្ឋាភិបាលភាគតិច មានន័យថាគណបក្ស LDP របស់លោក Ishiba និងដៃគូចម្រុះរបស់ខ្លួនគឺគណបក្ស Komeito ចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការទាមទារសំឡេងបន្ថែមពីប្លុកប្រឆាំង ដែលបានពង្រឹងចាប់តាំងពីការបោះឆ្នោត ថ្ងៃទី២៧ ខែតុលា៕

To Top