ព័ត៌មានអន្តរជាតិ

លោក Donald Trump ទូរស័ព្ទទៅកាន់ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាអំពីជម្លោះអ៊ុយក្រែន

RT News

បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាអំពីជម្លោះអ៊ុយក្រែន និងការដោះស្រាយសក្តានុពល របស់ខ្លួន។ នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយបានលើកឡើងពីមនុស្សមួយចំនួនដែលដឹងពីបញ្ហានេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ការហៅទូរស័ព្ទនេះបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ភ្លាមៗបន្ទាប់ពីលោក Trump ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។ ប្រភពមួយក្នុងចំនោមប្រភពផ្សេងទៀតបានប្រាប់កាសែតប្រចាំថ្ងៃថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍បានជំរុញឱ្យលោក Putin កុំឱ្យ “ធ្វើឱ្យជម្លោះកាន់តែកើនឡើង” ដោយរំឭកលោក Putin អំពីវត្តមានយោធាអាមេរិកដ៏សំខាន់នៅក្នុងទ្វីបអឺរ៉ុប។

ក្រៅពីនោះ លោក Trump និងលោក Putin ក៏បាននិយាយអំពី “គោលដៅសន្តិភាពនៅទ្វីបអឺរ៉ុប” ដោយប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសន្ទនាបន្តដើម្បីនិយាយអំពី “ដំណោះស្រាយនៃសង្គ្រាមអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ” ។ នេះបើតាមបុគ្គលដែលមិនបញ្ចេញឈ្មោះជាច្រើនរូបទៀតបានប្រាប់កាសែត WaPo ។ របាយការណ៍នេះមិនបានផ្តល់ការយល់ដឹងអំពីប្រតិកម្មអ្វីទេ ប្រសិនបើមានការលើកឡើងរបស់លោក Trump។

មកទល់ពេលនេះ ទីក្រុងមូស្គូមិនទាន់បានធ្វើអត្ថាធិប្បាយជាផ្លូវការលើការហៅទូរស័ព្ទដែលបានរាយការណ៍រវាងលោក Trump និងលោក Putin នោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីជាប់ឆ្នោត អាមេរិក Trump បានប្រាប់ NBC News ថា លោកបាននិយាយជាមួយមេដឹកនាំពិភពលោកចំនួនប្រហែល ៧០នាក់រួចហើយ ចាប់តាំងពីជ័យជម្នះ លើការបោះឆ្នោតរបស់លោក ប៉ុន្តែលោក Putin មិនស្ថិតក្នុងចំណោមមេដឹកនាំទាំងនោះទេ។ លោក Trump បាននិយាយនៅពេលនោះថា “ខ្ញុំគិតថាយើងនឹងនិយាយ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top