កែប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា យល់ឃើញថា សកម្មភាព របស់ក្រុមប្រឆាំងមួយក្បាប់តូច នៅក្រៅប្រទេស ដែលមានលោកសម រង្ស៊ី ជាអ្នកដឹកនាំបង្កើត ចលនាជាហូរហែរ គឺមានគោលបំណងដដែលៗ ដែលសម្តេចចង់សំដៅដល់ថា គ្រាន់តែជាការធ្វើសកម្មភាពឱ្យប្លែក អាចគៀងគរថវិកា សម្រាប់ខ្លួនឯងតែប៉ុណ្ណោះ ខណៈសមាជិក និងមន្ត្រីជាន់ខ្ពស់ របស់ខ្លួន(លោក សម រង្ស៊ី) កំពុងអស់ជំនឿចិត្ត និងបានដើរចេញជាបន្តបន្តាប់ មកចូលរួមជាមួយរាជរដ្ឋាភិ បាល និងគណបក្សប្រជាជនកម្ពុជា ។
ការលើកឡើងរបស់សម្តេចធិបតីនេះ បន្ទាប់ពីលោក សម រង្ស៊ីកាលពីថ្ងៃ៩ វិច្ឆិកា បានប្រកាសការបង្កើត ចលនាជាតិតស៊ូ ។ ដោយចលនានេះ លោកអះអាងថា ដើម្បីការពារទឹកដីកម្ពុជា និងទាមទារសេរីភាព និងយុត្តិធម៌សម្រាប់ប្រជារាស្ត្រខ្មែរ។ បើតាមការប្រកាសរបស់លោម សម រង្ស៊ី ចលនាថ្មីនេះក៏ឈានទៅបង្កើតរាជរដ្ឋាភិបាលនៅក្រៅប្រទេសបណ្តោះអាសន្នផងដែរ។ នេះមិនមែនជាចលនាអ្វីថ្មីនោះ គឺលោក សម រង្ស៊ីនិងក្រុមគាត់នាពេលកន្លងមក បង្កើតចលនាជាបន្តបន្ទាប់ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែគ្មានប្រសិទ្ធភាពអ្វីនោះទេ។
ក្នុងឱកាសអញ្ជើញសម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោល នាថ្ងៃទី១១ វិច្ឆិកា សម្តេចធិបតី មានប្រសាសន៍ថា “ប៉ុន្មានថ្ងៃនេះ មានការបង្កើតចលនាមិនចេះចប់ ប៉ុន្មានខែនេះ ចលនាក្រៅប្រទេស រួមទាំងមាន នាយករដ្ឋមន្ត្រី រដ្ឋាភិបាលស្រមោលនៅក្រៅទៀត ។ ហើយឃើញនាយករដ្ឋមន្ត្រីមានម្នាក់ឯង ហើយហ្វេស ប៊ុកមួយ គាត់តាំងខ្លួនជានាយករដ្ឋមន្ត្រី សម សារី នៅប្រទេសអ៊ឺរ៉ុបខាងលិច គេទៅគេបង្កើតរដ្ឋាភិបាលស្រមោល គេថារដ្ឋាភិបាលនៅស្រុកខ្មែរគឺជារដ្ឋាភិបាលខុសច្បាប់ នៅពេលដែល៨,២លាននាក់ បានទៅបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ តាមរដ្ឋធម្មនុញ្ញ គេថា ជារដ្ឋាភិបាលខុសច្បាប់ នៅពេលដែលគេបង្កើតម្នាក់ឯង ហើយមានអ្នកគាំទ្រតាមហ្វេសប៊ុក តាមតិកតុក គេថា គេជារដ្ឋាភិបាលត្រូវច្បាប់” ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងជុំវិញការ បង្កើត ចលនាថ្មីៗបន្ថែមទៀត ពីសំណាក់លោកស្រី មូរ សុខហួរ និងលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស ហើយតែងតែវាយប្រហារមកលើរដ្ឋាភិបាលនោះថា ការបង្កើតចលនាថ្មីៗនេះ ជាសកម្មភាពដដែលៗ ដែលអាចជាការបង្កើតឱ្យមានព្រឹត្តិការណ៍ថ្មី នឹងអាចដើរគៀងគរថវិកា ពីអ្នកគាំទ្ររបស់ខ្លួនឯងតែប៉ុណ្ណោះ ។
ក្នុងនោះ សម្តេចធិបតី មានប្រសាសន៍ថា “ ខ្ញុំមិនដឹងថា បង្កើតធ្វើអី? គោលបំណងអី ប៉ុន្តែយើងមើលវិភាគអត់ មានអីថ្មីទេ គោលដៅនៅតែដដែល បង្កើតអីប្លែក ប៉ុន្តែខ្ញុំគិតថាអាចវាមានបញ្ហាមួយ ដោយសារក្នុងរយៈពេល១ឆ្នាំនេះ ជាពិសេស៦ខែចុងក្រោយនេះ គឺមានចលនាប្រជាពលរដ្ឋទាំងក្នុងប្រទេស ដែលធ្លាប់ជាសមាជិកបក្សរបស់គាត់ គាំទ្រគាត់ បានចេញមកចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយគណបក្សប្រជាជនកម្ពុជា ទាំងមន្ត្រីជាន់ខ្ពស់របស់គាត់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ទាំងអ្នកគាំទ្ររបស់គាត់ជាច្រើន ដើរចោលពីគាត់ ដោយសារគេអស់ជំនឿ ។ ចឹងហើយត្រូវតែបង្កើតអ្វីថ្មី ដើម្បីទាក់ទាញ ដើម្បីជាចលនាប្រមូលថវិកា ប្រមូលបច្ច័យអី ខ្ញុំមិនដឹងទេ ប៉ុន្តែបង្កើតព្រឹត្តិការណ៍ ហើយចាប់ឡើងថា យើងលែងជឿការបោះឆ្នោតហើយ ព្រោះបោះមិនដែលឈ្នះ ។ ចឹងបានន័យថា គាត់បោះមិនឈ្នះ គាត់ទៅបង្កើតចលនាតាំងខ្លួនជាប្រធាន អ្នកខ្លះតាំងខ្លួនជានាយករដ្ឋមន្ត្រី នៅពេលដែលកំពុងជាមួយគ្នា ។ បានន័យថា កំពុងមើលងាយអ្នកបោះឆ្នោត ប្រជាពលរដ្ឋខ្មែរ ៨លាន២សែននាក់ រួមទាំងអ្នកកែប ជាង២ម៉ឺននាក់ទៅបោះឆ្នោតដែរ”៕