ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ គម្រោងបាតុកម្ម​ នៅក្រៅប្រទេស អំពី​កិច្ចព្រមព្រៀង ​ទីក្រុង​ប៉ារីស គ្មានន័យ គ្មានខ្លឹមសារ

ភ្នំពេញ ៖ ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឆ្លើយតប ទៅនឹងគម្រោងបាតុ កម្មពីសំណាក់ប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស ដែលឲ្យរាជរដ្ឋាភិបាលគោរពកិច្ច ព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសថា បាតុកម្មនេះ គ្មានន័យ និងខ្លឹមសារសម្រាប់កម្ពុជាឡើយ ព្រោះរាជរដ្ឋាភិបាលធ្វើអ្វីៗ ទៅតាមកិច្ចព្រមព្រៀងនេះជាប់ជានិច្ច ។

លោក ប៉ែន បូណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ១០ វិច្ឆិកាថា ខ្លឹមសារសំខាន់ៗ របស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣អស់ហើយ ។

លោកថា សម្រាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល របស់កម្ពុជានៅជាធរមាន ដែលរាជរដ្ឋាភិបាលកំពុងដឹកនាំប្រទេសសព្វថ្ងៃ ដែលបានអនុលោមតាមខ្លឹមរដ្ឋធម្មនុញ្ញទាំងស្រុង ដោយគ្មានការកែប្រែនោះឡើយ ។

ដូច្នេះលោកសង្កត់ធ្ងន់ថា កម្ពុជាមានលំហរប្រជាធិបតេយ្យ យ៉ាងពេញលេញ ប៉ុន្តែកម្ពុជាអត់មានលំហរប្រជាធិតេយ្យ សម្រាប់អ្នកបំពានច្បាប់ និងជេរប្រមាថឡើយ ដូចនេះអ្នកណាធ្វើអ្វីខុស ច្បាប់ត្រូវតែអនុវត្តតាមច្បាប់ហើយ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា “ការធ្វើបាតុ កម្មអ្វីទាំងអស់ហ្នឹងជាសកម្មភាពមួយដែលគ្មានន័យ គ្មានខ្លឹមសារ និងគ្មានឥទ្ធិពលអ្វីទាំងអស់មកលើរាជរដ្ឋាភិបាលកម្ពុជាយើង”។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​តំបន់​អឺរ៉ុប បានប្រកាសថា នឹងធ្វើបាតុកម្ម​នៅ​មុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នា​ទីក្រុង​ហ្សឺណែវ នៅ​ថ្ងៃ២៣ វិច្ឆិកា ដើម្បី​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ គោរព​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឡើងវិញ និងបើក​លំហ​ប្រជាធិបតេយ្យ ៕

To Top