ម៉ូស្គូ ៖ អាជ្ញាធរអាកាសចរណ៍ បានបិទជាបណ្តោះអាសន្ន នូវអាកាសយានដ្ឋានអន្តរជាតិ Domodedovo, Zhukovsky និង Sheremetyevo ក្នុងតំបន់មូស្គូ កាលពីថ្ងៃអាទិត្យ ដោយសារហានិភ័យ ដែលអាចកើតមាន នៃការវាយប្រហារ ដោយយន្តហោះ គ្មានមនុស្សបើក។
ទីភ្នាក់ងារដឹកជញ្ជូន ផ្លូវអាកាសសហព័ន្ធរុស្ស៊ី បានឲ្យដឹងថា “ដើម្បីធានាសុវត្ថិភាពនៃការហោះហើរយន្តហោះស៊ីវិល ការរឹតបន្តឹងបណ្តោះអាសន្ន ត្រូវបានណែនាំ សម្រាប់ប្រតិបត្តិការ នៃអាកាសយានដ្ឋាន Domodedovo និង Zhukovsky ចាប់ផ្តើមពីម៉ោង ០៨ព្រឹក ម៉ោងនៅទីក្រុងមូស្គូ ថ្ងៃទី១០ ខែវិច្ឆិកា ហើយអាកាសយានដ្ឋានមិនទទួលយក ឬបញ្ជូនជើងហោះហើរជាបណ្តោះអាសន្ន”។
អាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ក្រោយមកក៏ត្រូវបានបិទផងដែរ ។ យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា នាវិកយន្តហោះ អ្នកត្រួតពិនិត្យ ចរាចរណ៍ផ្លូវអាកាស និងសេវាកម្មអាកាសយានដ្ឋាន កំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសុវត្ថិភាព ជើងហោះហើរ គឺជាអាទិភាពកំពូល។
យោងតាមអភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin យន្តហោះដ្រូនចំនួន ៧ គ្រឿងទៀតត្រូវបានបាញ់ ទម្លាក់នៅក្នុងតំបន់ Domodedovo, Ramenskoye និង Kolomna កាលពីព្រឹកថ្ងៃអាទិត្យ ដែលនាំឱ្យចំនួន យន្តហោះដ្រូនសរុបចំនួន ៣២ គ្រឿង ត្រូវបានបាញ់ទម្លាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា