ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ ដែលសមស្រប និងមានភាពធន់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
សារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យបន្តពង្រឹងយន្តការក្នុងការសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សម្ដេចធិបតី បន្ដថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដើម្បី ឈានទៅសម្រេចគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានកំណត់ថា នៅ ឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ១០០% នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
សម្ដេចធិបតី បន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ និងពង្រឹងយន្តការចងក្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រា គ្របដណ្តប់អនាម័យជនបទ ឱ្យបានកាន់តែច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ត្រូវខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ ដែលសមស្របនិង មានភាពធន់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងកាកសំណល់លាមក។ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែន រដ្ឋាភិបាល រៀបចំផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទ ជំហានទី៣ សម្រាប់ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវ ក្នុងការជំរុញការលើកកម្ពស់អនាម័យជនបទ»៕