បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមឧទ្ទាមប្រយុទ្ធ Houthis របស់ប្រទេសយេមែន បានបើកការវាយប្រហារដោយមីស៊ីល និងទទួលបានជោគជ័យទៅ លើនាវាផ្ទុកយន្តហោះ USS Abraham Lincoln របស់អាមេរិកដែលកំពុងមានវត្តមាន នៅក្នុងនៅសមុទ្រអារ៉ាប់ កាលពីថ្ងៃអង្គារ។
ការអះអាងនេះធ្វើឡើង បើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើ X ដោយអ្នកនាំពាក្យ Yahya Saree ។ លោកបាននិយាយថា ការវាយប្រហារលើកទីពីរបានកំណត់គោលដៅ លើនាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិក ពីរនៅសមុទ្រក្រហម។
ក្រុម Houthis គឺផ្នែកនៃក្រុម Shia ដែលរៀបចំខ្លួនជារដ្ឋាភិបាលយេមែន និងជាអ្នកគ្រប់គ្រងរដ្ឋធានីសាណា និងភាគពាយព្យនៃប្រទេសផងដែរ។
ពួកគេតែងតែបានរំខានដល់ ការដឹកជញ្ជូនរបស់អ៊ីស្រាអែល និងលោកខាងលិចនៅក្នុងសមុទ្រក្រហម អស់រយៈពេលជិតមួយឆ្នាំមកហើយ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីដាក់សម្ពាធ លើអ៊ីស្រាអែលឱ្យបញ្ឈប់ការ វាយប្រហារលើតំបន់ហ្គាហ្សា។
គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍របស់ Houthi បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអង្គារពាក់ព័ន្ធនឹង មីស៊ីលវាយប្រហារចំងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើកជាច្រើនផង ហើយត្រូវបានធ្វើឡើង ខណៈពេលដែលសត្រូវរបស់អាមេរិក កំពុងរៀបចំប្រតិបត្តិការអរិភាព សំដៅទៅលើប្រទេសយេមែន ៕
ប្រែសម្រួល៖ ស៊ុន លី