ភ្នំពេញ៖ ពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច ដែលបានជួយកិច្ចការសង្គមប្រចាំឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ២០២៤ ដោយមានសហគ្រិនចំនួន ៧៥រូបមកពីប្រទេសចំនួន១៩ ត្រូវបានជ្រើសរើសសម្រាប់ការផ្ដល់ជូនពានរង្វាន់ដ៏អស្ចារ្យមួយនេះ ។
នៅក្នុងឱកាសនៃពិធីប្រគល់ពានរង្វាន់នេះដែរ លោក ហ៊ាង វុទ្ធា ប្រធានក្លិប Global Entrepreneur 1% Club បានមានប្រសាសន៍ឱ្យដឹងថា ពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច ដែលបានជួយកិច្ចការសង្គមប្រចាំឆ្នាំ ២០២៤នេះ បានឆ្លុះបញ្ចាំយ៉ាងជ្រាលជ្រៅជាមួយនឹងទំនួលខុសត្រូវសង្គមរួមរបស់យើង ចំពោះកិច្ចការសង្គម ។ ម្យ៉ាងវិញទៀត វាមិនត្រឹមតែលើកកម្ពស់ដំណើរការអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ជីវភាព រស់នៅរបស់មនុស្សជុំវិញយើផងដែរ ។ ការជួបជុំ នៅក្នុងថ្ងៃនេះ ក៏ឆ្លុះបញ្ចាំពីជំហានសំខាន់ៗដែល យើងធ្វើ ក្នុងនាមយើងជាផ្នែកមួយក្នុងការ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ជីវិត និងរួមចំណែកដល់សុខុមាលភាព នៃសង្គមតំបន់អាស៊ានទាំងមូល ។
លោក បន្តថា កម្មវិធីពានរង្វាន់នេះ ត្រូវបានរៀបចំឡើងអស់រយៈពេល ៨០ថ្ងៃ ដែលមានអ្នកចូលរួមដាក់ពាក្យចំនួន ៣.៧៦០នាក់ មកពីបណ្ដាប្រទេសចំនួន៣៩ប្រទេស ។ ក្នុងនោះគណៈកម្មាធិការបានជ្រើសរើសអ្នកមានសក្ដានុពលចំនួន ៤៨០នាក់ ហើយឈានទៅដល់ការ វាយតម្លៃជាផ្លូវការចំនួន ២៨០នាក់ មកពី៣០ប្រទេស ។ ជាចុងក្រោយ គណៈកម្មាធិការ បានសម្រេចជ្រើសរើស យកម្ចាស់ជ័យលាភីសរុបចំនួន ៧៥រូប មកពីប្រទេសចំនួន១៩ ដើម្បីផ្ដល់ជូនពានរង្វាន់នៅក្នុងថ្ងៃនេះ ។
លោកបណ្ឌិត គង់ វិចិត្រា ស្ថាបនិកអង្គការ KPF និងជាអនុប្រធានក្លិប Global Entrepreneur 1% Club (កិច្ចការសង្គម ) បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុង ចក្ខុវិស័យរបស់សមាគម ដែលមិនគិតត្រឹមតែរកប្រាក់ចំណេញប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ត្រលប់មកវិញដល់សង្គមផងដែរ ។
លោក បន្តថា ការទទួលខុសត្រូវសង្គម មិនគ្រាន់តែជាការផ្ដល់ត្រលប់មកវិញទេ វាគឺជាការកសាងអនាគត ប្រកបដោយចីរភាពសម្រាប់មនុស្សគ្រប់រូប ។ ក្នុងនាមជាអ្នកទទួលខុសត្រូវ សង្គមមួយរូបរបស់សមាគមក្លិប លោក ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងសហគ្រិនជាច្រើនផ្សេងទៀត បន្តគាំទ្រសង្គមរបស់យើង ដោយសារវាមានសារសំខាន់ណាស់ សម្រាប់អភិវឌ្ឍប្រទេសយើង ។
តាមរយៈពេលពានរង្វាន់មួយនេះដែរ ក្លិបអ្នកវិនិយោគរំពឹងថា នឹងមានសហគ្រិនជាច្រើនទៀត ចូលរួមក្នុងកិច្ចការសង្គមបានកាន់តែច្រើន ហើយក៏រំពឹងថានឹងមានការរៀបចំ ពានរង្វាន់ដ៏អស្ចារ្យមួយនេះ ដោយមានការគាំទ្រ ពីសំណាក់បណ្ដាក្រុមហ៊ុន និងម្ចាស់អាជីវកម្មទៅលើការរៀបចំកម្មវិធីពានរង្វាន់ កាន់តែធំនិងអស្ចារ្យជាងពេលនេះ ។
នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ នៅថ្ងៃទី១១ វិច្ឆិកា ២០២៤ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័នសំខាន់ៗមួយចំនួនរួមមាន តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ តំណាងមកពីក្រសួងពាណិជ្ជកម្ម ប្រធានសភាពាណិជ្ជកម្មសិង្ហបុរីប្រចាំប្រទេសកម្ពុជា និងប្រធានសមាគមវិនិយោគកម្ពុជាសិង្ហបុរីជាដើម ។
គួរបញ្ជាក់ថា កម្មវិធីពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ចដែលជួយកិច្ចការសង្គម ត្រូវបានបែងចែកទៅជាពានរង្វាន់មាន ៥ប្រភេទ ដែលក្នុងនោះ ពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ពានសហគមន៍ និងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន១០រូប ពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ពានសិល្បករ/សិល្បការិនី និងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន៣រូប ពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន១២រូប ពានរង្វាន់អាស៊ានសម្រាប់ពានសហគ្រិននិងធុរកិច្ច ដែលជួយកិច្ចការសង្គមចំនួន៣៤រូប និងពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ដឹកនាំ និងធុរកិច្ចដែលជួយការសង្គមមានចំនួន ១៣រូប៕