ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកីឡាករទូក ង ចំនួន ៥៥ទូក មកពីខេត្តព្រៃវែង

ភ្នំពេញ៖ មួយថ្ងៃមុនការចាប់ផ្ដើមព្រះរាជពិធីបុណ្យអុំទូក បណ្ដែបប្រទីប និងសំពះព្រះខែ អកអំបុក លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តកីឡាករអុំទូកង ខ្នាតវែង និងខ្លី សរុបចំនួន ៥៥ទូក មកពីក្រុងស្រុកចំនួន៦ ក្នុងខេត្តព្រៃវែង។

យោងតាមរបាយការណ៍លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ទូកទាំង៥៥នោះ មានមកពីស្រុកពោធិ៍រៀង ចំនួន ៣៦ទូក ស្រុមពាមរក៍ ចំនួន៦ទូក ស្រុកពារាំង ចំនួន ៧ទូក ស្រុកពាមជរចំនួន ៤ទូក ក្រុងព្រៃវែងចំនួន ៤ទូក និងស្រុកសុីធរកណ្ដាលចំនួន ៧ទូក សរុបចំណុះទាំងពិត និងបម្រុង មានប្រមាណជាង ២០០០នាក់ ក្នុងនោះក៏មានទូកងចំនួន១១ ចូលរួមប្រណាំងផែនគូពិសេសផងដែរ។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក គឺជាមហាព្រឹត្តិការណ៍កីឡាដែលមានកីឡាករ និងអ្នកចូលរួមច្រើនជាងគេបំផុត ហើយការប្រារព្ធព្រះរាជពិធីនេះ គឺជាការបញ្ជាក់ច្បាស់អំពីមនុញ្ញផលនៃសុខសន្តិភាព ដែលប្រជាពលរដ្ឋមកពីគ្រប់មូលដ្ឋានទូទាំងប្រទេស និងភ្ញៀវអន្តរជាតិ មានឱកាសបានមកចូលរួមសប្បាយរីករាយ និងបង្ហាញពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជនខ្មែរ ក្រោមម្លប់ព្រះបារមីព្រះមហាក្សត្រ និងការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលទាំងកន្លងមក មានសម្ដេចតេជោ ជាប្រមុខ និងបច្ចុប្បន្ន មានសម្ដេចធិបតី ជានាយករដ្ឋមន្រ្តី។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនកីឡាករទូកងខេត្តព្រៃវែង នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តខ្ពស់ ពីសម្ដេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងបានមានប្រសាសន៍ជំរុញឱ្យកីឡាករទាំងអស់ ថែរក្សាសុខភាព មានអនាម័យ គោរពការរៀបចំ និងគ្រប់គ្រងរបស់គណៈកម្មការគ្រប់ផ្នែក មានវិន័យក្នុងការប្រកួត ផ្ដល់នូវការស្រលាញ់រាប់អានគ្នាទៅវិញទៅមកជាមួយដៃគូប្រកួត និងត្រូវខិតខំឱ្យអស់ពីលទ្ធភាពដើម្បីដណ្ដើមយកជ័យជម្នះជូនវត្ត ភូមិ ស្រុក ក្រុង និងខេត្តព្រៃវែងទាំងមូល។

ភ្ជាប់នឹងការថ្លែងអំណរគុណសប្បុរសជន រួមទាំងក្រុមហ៊ុនវឌ្ឍនៈ ថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញធរ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ លោកឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកស្រី ក៏បានផ្ដល់នូវអំណោយរួមមាន ថវិកា អង្ករ ទឹកសុទ្ធ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ភេសជ្ជៈ ជូនដល់កីឡាករទូកងទាំងអស់ ព្រមទាំងអនុគណៈកម្មការបច្ចេកទេសនិងគ្រប់គ្រងទូក គណៈកម្មការសន្តិសុខនិងសណ្ដាប់ធ្នាប់ គណៈកម្មការបរិស្ថាននិងសុខាភិបាល និងគណៈកម្មការផ្គត់ផ្គង់និងហិរញ្ញវត្ថុ ដែលដឹកនាំនិងគ្រប់គ្រងដោយរដ្ឋបាលខេត្តព្រៃវែង៕

To Top