បរទេស៖ ប្រធានាធិបតីអ៊ីតាលី បានស្នើឱ្យមហាសេដ្ឋី Elon Musk កុំមកជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសអ៊ីតាលី ខណៈដែលមហាសេដ្ឋី អាមេរិករូបនេះបាននិយាយថា ចៅក្រមទីក្រុងរ៉ូមដែលរារាំង គំនិតផ្តួចផ្តើមប្រឆាំង នឹងអន្តោប្រវេសន៍ គួរតែត្រូវបានបណ្តេញចេញ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការបង្ហោះ នៅ លើបណ្តាញសង្គម X កាលពីថ្ងៃទី ១២ ខែវិច្ឆិកា មហាសេដ្ឋីអាមេរិក Elon Musk បានសរសេរថា “ចៅក្រមទាំងនេះ ត្រូវតែទៅ” ដោយសំដៅទៅលើក្រុមប្រឹក្សា ចៅក្រមនៅទីក្រុងរ៉ូម ដែលបានរារាំងគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលអ៊ីតាលី ក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិ ជ្រកកោនទៅប្រទេសអាល់បានី។
គំនិតផ្តួចផ្តើមនេះត្រូវបានចាប់ផ្តើម ដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Giorgia Meloni ដើម្បីទប់ស្កាត់លំហូរ នៃជនអន្តោប្រវេសន៍ខុសច្បាប់ ចូលទៅក្នុងប្រទេសអ៊ីតាលី ។ ទោះជាយ៉ាងណាក៏ដោយ ចៅក្រមនៅទីក្រុងរ៉ូមបាន ចោទសួរ ពីភាពស្របច្បាប់នៃគម្រោងនេះ ដែលមានន័យថា អ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេស អាល់បានីត្រូវតែត្រលប់ទៅប្រទេសអ៊ីតាលីវិញ។
ការអត្ថាធិប្បាយរបស់លោក Elon Musk គឺជាព័ត៌មានទំព័រ មុខនៅក្នុងប្រទេសអ៊ីតាលី ហើយបានកើតឡើងប៉ុន្មាន ម៉ោងមុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានតែងតាំងគាត់ឱ្យដឹកនាំក្រុមប្រឹក្សា អនុវត្តរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាស្ថាប័នមួយ ដែលមានភារកិច្ចបង្កើតរដ្ឋាភិបាល ដែលមានប្រសិទ្ធភាពជាងមុន។
ប្រធានាធិបតីអ៊ីតាលី Sergio Mattarella បាននិយាយនៅថ្ងៃនេះ ដោយមិនបាននិយាយចំឈ្មោះ Elon Musk ថា អ៊ីតាលីជាប្រទេសប្រជាធិបតេយ្យដ៏អស្ចារ្យ និងចេះថែរក្សាកិច្ចការរបស់ខ្លួន ។ អ្នកណាក៏ដោយ ជាពិសេសអ្នកដែលហៀប នឹងទទួលតួនាទីសំខាន់ ក្នុងរដ្ឋាភិបាល នៃសម្ព័ន្ធមិត្ត ត្រូវតែគោរពអធិបតេយ្យភាពរបស់យើង ហើយមិនអាច ទទួលតួនាទីបង្រៀន អ្នកដទៃបានទេ” ៕
ប្រែសម្រួលៈ ណៃ តុលា