បរទេស៖ រដ្ឋអាជ្ញាពិសេសគឺលោក Smith បានស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសាររហូតដល់ថ្ងៃទី ២ ខែធ្នូ ហើយតុលាការបានអនុម័ត។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋអាជ្ញាពិសេស Jack Smith បានដាក់ញត្តិទៅតុលាការឧទ្ធរណ៍សហព័ន្ធសម្រាប់មណ្ឌលតុលាការ Florida, Georgia និង Alabama កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ដោយសុំឱ្យតុលាការផ្អាកការកាត់ទោសឯកសារ ដែលបានចាត់ថ្នាក់ប្រឆាំងនឹងប្រធានាធិបតីជាប់ឆ្នោត Donald Trump រហូតដល់ថ្ងៃទី២ ខែធ្នូ។
លោក Smith បាននិយាយថា វិធានការនេះគឺដើម្បីវាយតម្លៃ “ស្ថានភាពដែលមិនធ្លាប់មានពីមុនមក និងកំណត់ដំណើរការសមស្រប” នៅពេលដែលលោក Trump រៀបចំដើម្បីត្រឡប់ទៅសេតវិមានវិញ ដោយសារក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានរក្សាគោលនយោបាយមិនកាត់ទោសប្រធានាធិបតីដែលកំពុងកាន់តំណែងយូរមកហើយ។
សាលាឧទ្ធរណ៍បានអនុម័តលើសំណើនេះកាលពីថ្ងៃទី១៤ ខែវិច្ឆិកា។
សូមជម្រាបថា រដ្ឋអាជ្ញាពិសេស Smith ត្រូវបានតែងតាំងដោយអគ្គមេធាវីអាមេរិក Merrick Garland ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីដឹកនាំការស៊ើបអង្កេតសហព័ន្ធចំនួនពីរលើលោក Trump ទាក់ទងនឹងការចោទប្រកាន់ថា លោកបានរក្សាទុកឯកសារចាត់ថ្នាក់ដោយខុសច្បាប់ និងការសមគំនិតដើម្បីបំភាន់ការបោះឆ្នោតឆ្នាំ២០២០ ៕
ប្រែសម្រួលៈ ណៃ តុលា