បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីសារព័ត៌មាន Fox News បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន។
កន្លងមកលោក Trump ធ្លាប់តែបាននិយាយហើយលោកនឹងបញ្ចប់ជម្លោះនៅអ៊ុយក្រែនដោយប្រើពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះក្រោយការឡើងកាន់តំណែងហើយបញ្ជាក់ទៀតថាថា លោកនឹងនិយាយជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ដោយផ្ទាល់ទៀតផង នៅពេលខាងមុខ។
ប្រភពអនាមិកបានប្រាប់ប្រភពដដែលនេះនិងដោយបន្ថែមថាអ្នកនឹងឃើញបេសកជនពិសេសជាន់ខ្ពស់ម្នាក់ដែលមានភាពជឿជាក់ច្រើន ដែលនឹងត្រូវបានផ្តល់ភារកិច្ចឱ្យស្វែងរកដំណោះស្រាយ ដើម្បីឈានទៅដល់ការដោះស្រាយសន្តិភាពហើយយើងនឹងឃើញក្នុងពេលឆាប់ៗនេះ។
ក្នុងរយៈពេលមួយសប្តាហ៍ចាប់តាំងពីលោកបានយកឈ្នះលើអនុប្រធានាធិបតី Kamala Harris លោក Trump បានប្រកាសអំពីបញ្ជីឈ្មោះជាច្រើនដែលលោកមានបំណងតែងតាំងសម្រាប់តំណែងគណៈរដ្ឋមន្ត្រី និងទីប្រឹក្សាជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលថ្មីរបស់លោក។
គួរឲ្យដឹងដែរថាប្រធានាធិបតីនឹងប្រកាសចូលកាន់តំណែងនៅដើមសប្តាហ៍នេះហើយលោក Trump ក៏នឹងតែងតាំងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ Steven Witkoff ជាបេសកជនពិសេសរបស់គាត់ប្រចាំតំបន់មជ្ឈិមបូព៌ាដោយនិយាយថា Witkoff នឹងក្លាយជា សំឡេងដែលធ្វើការងារសម្រាប់សន្តិភាពនៅក្នុងតំបន់។
រំលឹកឡើងវិញដែរថាទីក្រុងមូស្គូអះអាងថាការដោះស្រាយណាមួយត្រូវតែចាប់ផ្តើមដោយអ៊ុយក្រែនត្រូវតែបញ្ចប់ប្រតិបត្តិការយោធា និងទទួលស្គាល់ ការពិតនៃទឹកដី ដែលរុស្សីគ្រប់គ្រងឡើងវិញដែលក្នុងនោះមានដូចជាតំបន់ Donetsk, Lugansk, Kherson, និង Zaporozhye របស់រុស្ស៊ី ក៏ដូចជា Crimea ផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី