បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump និងប្រធានាធិបតី Joe Biden ដែលជាគូប្រជែងនយោបាយនឹងគ្នាយូរអង្វែង នៅថ្ងៃពុធ បានពិភាក្សាគ្នាអំពីអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក្នុងកិច្ចប្រជុំដ៏ស្និទ្ធស្នាលមួយ ដែលរៀបចំឡើងដើម្បីបង្ហាញពីការផ្ទេរអំណាចដោយរលូន ទោះបីជាភាគីទាំង២មានការខ្វែងគំនិតគ្នាខ្លាំងលើគោលនយោបាយក៏ដោយ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំអាមេរិកទាំងពីរបានអង្គុយក្បែរគ្នា នៅក្នុងការិយាល័យ Oval របស់សេតវិមាន ដែលជាទិដ្ឋភាពសន្តិភាពនៃភាពតានតឹងរវាងពួកគេ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានថា “មេដឹកនាំទាំងពីបានពិភាក្សាអំពីបញ្ហាសន្តិសុខជាតិ និងគោលនយោបាយក្នុងស្រុកសំខាន់ៗដែលកំពុងប្រឈមមុខនឹងប្រទេសជាតិ និងពិភពលោក” ហើយថា “វាពិតជាមានចិត្តស្និទ្ធស្នាលគួរឱ្យគោរព និងមានសារៈសំខាន់ណាស់”។ លោកស្រីបន្តថា កិច្ចប្រជុំនេះមានរយៈពេលប្រហែលពីរម៉ោង។
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មានថា លោក Biden បានអះអាងថា ការគាំទ្រសម្រាប់អ៊ុយក្រែនគឺល្អសម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ពីព្រោះ ភាពរឹងមាំ និងស្ថិរភាព នៅអឺរ៉ុប នឹងរារាំងអាមេរិកមិនឱ្យធ្លាក់ចូលទៅក្នុងសង្រ្គាម។
លោក Trump បានសន្យាបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនយ៉ាងឆាប់រហ័ស ដោយលោកមិននិយាយពីការបញ្ចប់ដោយរបៀបណានោះទេ។
លោក Trump បានប្រាប់កាសែត New York Post ថា លោក និងលោក Biden “បាននិយាយគ្នាច្រើនអំពីមជ្ឈិមបូព៌ា” កំឡុងពេលសន្ទនានោះ។ កាសែត Post បានដកស្រង់សម្តីលោក Trump ដែលបាននិយាយថា “ខ្ញុំចង់ដឹងពីទស្សនៈរបស់គាត់អំពីកន្លែងដែលយើងស្ថិតនៅ «ហើយគាត់បានឲ្យវាមកខ្ញុំ គាត់មានចិត្តសប្បុរសណាស់»៕
ប្រែសម្រួលៈ ណៃ តុលា