ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោក Dong XiaoLin អគ្គនាយកនៃមន្ទីរកិច្ចការបរទេស រដ្ឋបាលខេត្តសានស៊ី អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសកម្ពុជា ដើម្បីជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា និងជំរុញដល់ប្រជាជនចិន ជាពិសេសប្រជាជនខេត្តសានស៊ី មកធ្វើដំណើរកម្សាន្ត នៅកម្ពុជាឱ្យបានកាន់តែច្រើនឡើង។
ក្នុងឱកាសនៃជំនួប លោករដ្ឋមន្រ្តី ក៏បានស្នើដល់ លោកអគ្គនាយក ជួយជំរុញទាក់ទាញអ្នកវិនិយោគចិន មកបណ្តាក់ទុន និងជួយបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលពោរពេញដោយសក្តានុពលវិនិយោគ ដោយទទួលបានការការពារ ការអនុគ្រោះ និងការលើកទឹកចិត្តដល់វិនិយោគិនជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងនាមក្រសួងទេសចរណ៍ ក៏សូមអញ្ជើញប្រតិភូខេត្ត រួមជាមួយវិនិយោគិនចិន មកកម្ពុជាអោយបានច្រើនថែមទៀត ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគផងដែរ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏លើកទឹកចិត្តដល់សហគ្រាសទេសចរណ៍ ពាក់ព័ន្ធរបស់ខេត្តសានស៊ី ចូលរួមសហការជាមួយសហគ្រាសទេសចរណ៍កម្ពុជា តាមរយៈក្រសួងទេសចរណ៍កម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍ និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ ការគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការផ្សព្វផ្សាយនិងការអភិវឌ្ឍទីផ្សារទេសចរណ៍ ព្រមទាំងផ្លាស់ប្តូរ និងលើកកម្ពស់វិស័យទេសចរណ៍ រវាងកម្ពុជា និងខេត្តសានស៊ី៕