ម៉ូស្គូ៖ តាមការដកស្រង់សម្តីរបស់លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងដែលបានធ្វើការផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន Xinhua កាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងចាត់វិធានការជាចាំបាច់ដើម្បីរក្សាសមភាព ដើម្បីឆ្លើយតបទៅនឹងការដាក់ពង្រាយមូលដ្ឋានការពារដែនអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ូឡូញ ។
ក្រសួងការបរទេសប៉ូឡូញ បានប្រកាសកាលពីថ្ងៃពុធថា មូលដ្ឋានការពារមីស៊ីលថ្មីរបស់សហរដ្ឋអាមេរិកត្រូវបានបើកដំណើរការនៅ Redzikowo ស្ថិតនៅភាគខាងជើងនៃប្រទេសប៉ូឡូញនៅថ្ងៃទី១៣ ខែវិច្ឆិកា ។
មូលដ្ឋានដែលគេស្គាល់ថា “Aegis Ashore” គឺជាផ្នែកមួយនៃខែលការពារមីស៊ីលដ៏ធំរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) ។ ខែលនេះអាចចាប់បាន និងស្ទាក់ចាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លីទៅមធ្យម ហើយនឹងស្ថិតនៅក្រោមការបញ្ជារបស់អង្គការ NATO និងបញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាមេរិក ។
លោក Peskov បានលើកឡើងថា “ជាការពិតណាស់ ការដាក់ពង្រាយនេះនឹងនាំទៅដល់ការអនុម័តនូវវិធានការសមស្រប ដើម្បីធានាបាននូវភាពស្មើគ្នា” ដោយបានបន្ថែមថា មូលដ្ឋានថ្មីនេះគឺជាឧទាហរណ៍ច្បាស់លាស់នៃការរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធយោធាសហរដ្ឋអាមេរិកឆ្ពោះទៅកាន់ព្រំដែនរុស្ស៊ី និងជា “ការប៉ុនប៉ងដើម្បីទប់ស្កាត់សក្តានុពលយោធារបស់រុស្ស៊ី” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា