តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានចាប់ផ្តើមក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់អាមេរិកខាងត្បូងចាប់តាំងពីចូលកាន់តំណែងជាកន្លែង ដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅប្រទេសប៉េរូ និងក្រុមសេដ្ឋកិច្ចចំនួន ២០ នៅក្នុងប្រទេសប្រេស៊ីល។
នៅជុំវិញការជួបជុំគ្នានេះ លោក Ishiba ដែលបានក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១ ខែតុលា គ្រោងនឹងជួបពិភាក្សាជាមួយសមភាគីរបស់លោកមកពីប្រទេសចិន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងចំណោមប្រទេសផ្សេងទៀត។
ព្រឹត្តិការណ៍ការទូតមានភាពច្របូកច្របល់កើតឡើងភ្លាមៗបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលត្រូវបានគេស្គាល់ថាសម្រាប់ជំហររឹងរូសរបស់លោក ចំពោះប្រទេសចិន និងទស្សនៈគាំពារនិយម បានទទួលជោគជ័យក្នុងការដេញថ្លៃរបស់លោក ដើម្បីត្រលប់ទៅសេតវិមានក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីសប្តាហ៍មុន។
លោក Ishiba កំពុងស្វែងរកការជួបជាមួយលោក ត្រាំ ដោយផ្ទាល់មុនពេលគាត់វិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ ទោះបីជាកាលបរិច្ឆេទមិនត្រូវបានកំណត់ក៏ដោយ។
មេដឹកនាំជប៉ុនបានជជែកជាមួយ ត្រាំ តាមទូរស័ព្ទប្រហែល ៥នាទីដើម្បីអបអរសាទរដល់គណបក្សសាធារណរដ្ឋ ចំពោះជ័យជម្នះការបោះឆ្នោតរបស់លោកដោយពណ៌នាគាត់ថាជាមនុស្ស “រួសរាយ” ដែលលោកគិតថា លោកអាចនិយាយដោយស្មោះត្រង់។
លោក Ishiba បានប្រាប់អ្នកសារព័ត៌មានមុនពេលចាកចេញពីអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូថា លោកចង់ពិភាក្សាអំពីរបៀបដែលប្រទេសជប៉ុនអាចរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឯវេទិកា APEC និងដឹកនាំការពិភាក្សាអំពីរបៀបដែលក្រុម G20 នៃសេដ្ឋកិច្ចជឿនលឿន និងកំពុងអភិវឌ្ឍន៍អាចចែករំលែកការទទួលខុសត្រូវ និងកសាង កិច្ចសហប្រតិបត្តិការ៕
ប្រែសម្រួល ឈូក បូរ៉ា