បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ីបានស្តីបន្ទោសប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi ជុំវិញការលើកឡើងរបស់លោកនាពេលថ្មីៗនេះអំពីបេសកកម្មឃ្លាំមើល របស់អង្គការសហប្រជាជាតិនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (NPP)។
លោក Grossi បានប្រាប់ទីភ្នាក់ងារព័ត៌មាន dpa កាលពីថ្ងៃពុធថា បេសកកម្មអចិន្ត្រៃយ៍របស់ IAEA នៅរោងចក្រ Zaporozhye នឹងបន្តរហូតដល់ការបង្កកជម្លោះដ៏មានសក្តានុពលមួយ។
រោងចក្រ Zaporozhye ជាប្រភេទរោងចក្រធំបំផុតនៅអឺរ៉ុបបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតាំងពីខែមីនា ឆ្នាំ២០២២ កាលពីនៅរដូវស្លឹកឈើជ្រុះហើយជាពេលដែលតំបន់ Zaporozhye បានចូលរួមជាមួយរុស្ស៊ីជាផ្លូវការព្រមទាំងតំបន់ Kherson និង Donetsk និង Lugansk សាធារណៈរដ្ឋប្រជាមានិត។
ជុំវិញជម្លោះនេះ ទីក្រុងមូស្គូ និងក្រុងគៀវ បានចោទប្រកាន់គ្នាម្តងហើយម្តងទៀតថា បានបាញ់ផ្លោងសំដៅរោងចក្រនេះ ហើយក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ការប៉ុនប៉ងជាច្រើនរបស់កម្លាំងប្រយុទ្ធរបស់អ៊ុយក្រែន ដើម្បីដណ្តើមយកវាមកវិញ ប៉ុន្តែត្រូវបានវាយឲ្យបរាជ័យរហូតមក។
ទីភ្នាក់ងារ IAEA នេះបានប្រកាសបើកបេសកកម្មអចិន្ត្រៃយ៍នៅទីតាំងនេះតាំងពីខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយអគ្គនាយក IAEA គឺ ជារឿងដែលមិនអាចទទួលយកបានឡើយ។
សេចក្តីថ្លែងការណ៍បាននិយាយថា គំនិតដែល IAEA អាចកំណត់លក្ខខណ្ឌសម្រាប់អ្នកជំនាញរបស់ខ្លួន ក្នុងការស្នាក់នៅកន្លែងនេះតាមការសំរេចចិត្តរបស់ខ្លួនគឺ ជារឿងដែលគួរឱ្យស្អប់ខ្ពើមបំផុត៕
ប្រែសម្រួល៖ ស៊ុនលី