តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទាំងពីរនឹងរក្សាសម្ព័ន្ធភាពជិតស្និទ្ធនៅក្រោមរដ្ឋាភិបាលថ្មីរៀងៗខ្លួន។
វាជាកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេសលើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីលោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីដើមខែវិច្ឆិកា និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឡើងកាន់តំណែងកាលពីខែមុន ហើយលោក Ishiba ត្រូវបានជ្រើសរើសឡើងវិញនៅសប្តាហ៍នេះ។
យោងតាមក្រសួងបានឱ្យដឹងថា លោក Iwaya និងលោក Blinken បានសន្យាជំរុញកិច្ចសហប្រតិបត្តិការដើម្បី “ពង្រឹងបន្ថែមទៀតនូវសមត្ថភាពរារាំង និងការឆ្លើយតបរបស់សម្ព័ន្ធភាពជប៉ុន-អាមេរិក” នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅទីក្រុងលីម៉ា នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។
កិច្ចពិភាក្សានេះបានកើតឡើងនៅពេលដែលការព្រួយបារម្ភ កំពុងកើនឡើងនៅក្នុងប្រទេសជប៉ុនអំពីរបៀបដែលការសង្ស័យរបស់លោក ត្រាំ អំពីសម្ព័ន្ធភាពនៅក្រោមពាក្យស្លោក “America First” របស់លោកអាចប៉ះពាល់ដល់ភាពជាដៃគូសន្តិសុខ របស់ប្រទេសទាំងពីរបន្ទាប់ពីលោកត្រូវបានសម្ពោធនៅខែមករាក្រោយ៕
ប្រែសម្រួល ឈូក បូរ៉ា