ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសបញ្ចប់ទទួលពាក្យតវ៉ា របស់បេក្ខជនប្រឡងបាក់ឌុប និងបញ្ចប់ដំណើរការពិនិត្យ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបញ្ចប់ការទទួលពាក្យតវ៉ា របស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ាផងដែរ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជន ដែលបានដាក់ពាក្យតវ៉ាចំពោះលទ្ធផលនៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើកិច្ចការរបស់បេក្ខជន។ ក្រោយពីបានបញ្ចប់ការពិនិត្យលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មិនមានការប្រែប្រួលទេ។

ឈរលើមូលដ្ឋាននេះ ក្រសួង បានប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់ បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។

ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងផ្តល់ឱកាសឱ្យប្រឡងឆ្នាំក្រោយទៀត និងលើកទឹកចិត្តឱ្យខិតខំរៀន សូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យនៅឆ្នាំខាងមុខ។

សូមរំលឹកថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនប្រឡងជាប់ សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦នាក់៕

To Top