ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃសុក្រថា ក្រុងម៉ូស្គូ រំពឹងថា នឹងបន្តកិច្ចសន្ទនាជាមួយនឹងក្រុងវ៉ាស៊ីនតោនឡើងវិញ ក្រោយពីជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលថ្មីៗនេះ ។
លោក Peskov បានថ្លែងថា “មាន … ក្តីសង្ឃឹមតិចតួចថា យ៉ាងហោចណាស់ការសន្ទនាកម្រិតទាបមួយចំនួននឹងបន្តឡើងវិញ ព្រោះវាមិនមាននៅពេលនេះទេ” ដោយបានបន្ថែមថា ក្រុងម៉ូស្គូ នឹងមិនមើលស្ថានភាពតាមរយៈ “ការយល់ឃើញពីខាងក្រៅនោះទេ” ។
លោក Peskov បានពន្យល់ថា ការធ្វើសេចក្តីថ្លែងការណ៍ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតគឺជារឿងមួយ ប៉ុន្តែនៅគ្រាដែលមនុស្សម្នាក់ចូលទៅក្នុងការិយាល័យ ពងក្រពើ អ្វីគ្រប់យ៉ាងអាចផ្លាស់ប្តូរបាន ។
អ្នកនាំពាក្យវិមានក្រឹមឡាំង បានកត់សម្គាល់ថា ការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងទ្វេភាគីអាចកើតឡើង ហើយនេះក៏នឹងអាស្រ័យលើមន្ត្រីដែលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកតែងតាំងសម្រាប់រដ្ឋបាលរបស់គាត់ដែរ ។
លោក ត្រាំ កាលពីមុនកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បានឈ្នះការប្រជែងប្រធានាធិបតីឆ្នាំ២០២៤ ដោយបានយកឈ្នះបេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអនុប្រធានាធិបតីបច្ចុប្បន្ន គឺលោកស្រី Kamala Harris ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា