ហាណូយ៖ សារព័ត៌មាន Vietnam News បានដកស្រង់សម្តីរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងកាលពីថ្ងៃសុក្រថា តម្រូវការអគ្គិសនីរបស់ប្រទេសវៀតណាមនៅក្នុងឆ្នាំ២០២៥ នឹងត្រូវបានបំពេញតាមមូលដ្ឋាន ទោះបីជាអាចមានភាពតានតឹងខ្លះក្នុងអំឡុងពេលរដូវប្រាំងខ្លាំងក៏ដោយ ។
លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា ផែនការអគ្គិសនីគួរតែត្រូវបានបង្កើតឡើងដោយផ្អែកលើគោលដៅកំណើនសេដ្ឋកិច្ច ដែលត្រូវបានរំពឹងទុកលើសពី៧ ភាគរយនៅឆ្នាំក្រោយ ។ នោះមានន័យថា តម្រូវការអគ្គិសនីនឹងកើនឡើង ១១ភាគរយ ឬខ្ពស់ជាងនេះ ជាពិសេសនៅក្នុងខែប្រាំងដែលខ្ពស់បំផុត ។
លោកបានចង្អុលបង្ហាញថា ការវិនិយោគបរទេសប្រមាណជាង ៤០ពាន់លានដុល្លារសហរដ្ឋអាមេរិក កំពុងត្រូវបានបញ្ចេញនៅក្នុងឆ្នាំនេះ ដែលនឹងជំរុញឱ្យមានតម្រូវការអគ្គិសនីនៅឆ្នាំ២០២៥។ ការផ្លាស់ប្តូរការវិនិយោគសកល ដែលវៀតណាមក្លាយជាគោលដៅទាក់ទាញនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនី និងការធ្វើផែនការផងដែរ ។
ប្រព័ន្ធអគ្គិសនីជាតិ និងប្រតិបត្តិការទីផ្សារ លីមីតធីត បានប៉ាន់ប្រមាណថា ទិន្នផលអគ្គិសនីសរុបរបស់ប្រទេសនេះ រួមទាំងការនាំចូលក្នុងឆ្នាំ២០២៤ មានចំនួន ៣០៩.៧ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) កើនឡើងប្រហែល១០.០៩ភាគរយលើសពីឆ្នាំ២០២៣ និងចំនួន ៨៧៨.០០០គីឡូវ៉ាត់ម៉ោងដែលទាបជាងផែនការឆ្នាំ២០២៤ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា